កូនក្រុមរដូវកាលនេះថ្មីច្រើន តែជំនួយការគ្រូវិ.ច.ប. ហស ជម្ពូវ័នជឿជាក់លើសមត្ថភាពអាចប្រកួតប្រជែងមួយឆ្ងាញ់

sok sovanpanha
5 មើល
0 នាទីអាន

យុវជន ផាន សំណាង ជំនួយការគ្រូបង្វឹកនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន ឆ្លើយប្រាប់មកកាន់ AMS Sports នាឱកាសប្រមូលផ្តុំសិស្សានុសសិស្សដែលជាសមាជិកហ្វឹកហាត់ ត្រៀមសម្រាប់ការចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ក្នុងពេលដ៏ខ្លីខាងមុខនេះដោយថាក្រុមទាំងមូលមានភាពល្អប្រសើរច្រើន ត្បិតថារដូវកាលនេះសមាជិកមានអ្នកចំណូលថ្មីច្រើនក៏ពិតមែន យ៉ាងណាជំនួយការគ្រូអាយុ២៣ឆ្នាំថាតាមរយៈការធ្វើតេសត្តជ្រើសរើសកីឡាករកន្លងមកនេះ គេថាសមាសភាពយុវជនចំណូលថ្មីទាំងអស់នោះអាចមានគុណភាពប្រហាក់ប្រហែល ឬអាចលើសពីកម្រិតសិស្សច្បងដែលឆ្នាំកន្លងទៅទៀតផង។

ស្របគ្នាដែរ និស្សិតឆ្នាំទី៣ផ្នែកអគ្គិសនីក៏បានសាទ័រសម្រាប់ច្បាប់ថ្មីដែលអនុម័តឱ្យមានសមាសភាពកីឡាករដែលកំពុងស្ថិតក្នុងថ្នាលរបស់ក្រុមបាល់ទាត់អាជីពចំនួន៥នាក់ ដោយគេថាលក្ខខណ្ឌនេះពិតជារឿងមួយដែលល្អមួយ។

ក្នុងនាមជាអតីតកីឡាករផង សំណាង ក៏បានលើកឡើងពីគុណតម្លៃនៃពានរង្វាន់កម្រិតវិទ្យាល័យមួយនេះថាពិតជាឱកាសល្អមួយសម្រាប់យុវជនតាមវិទ្យាល័យនីមួយៗដកស្រង់បទពិសោធនពីការប្រកួតបាល់ទាត់លក្ខណៈផ្លូវការមួយ។ បន្ថែមពីនេះទៀត រូបគេក៏បាននិយាយពីគោលដៅមួយចំនួនសម្រាប់ការប្រកួតប្រជែងពានរង្វាន់វិទ្យាល័យនារដូវកាលទី៥នេះ។

សូមបញ្ជាក់ថា ក្រុមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន កាលពីរដូវកាលមុនបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់ទី៧ នៃចំនួនក្រុមសរុប១២ក្រុមនៃពានរង្វាន់ជើងឯកវិទ្យាល័យ៕