អាចនិយាយបានជាប្រវត្តិសាស្ត្រមិនទាន់មានក្នុងរយៈពេលជាង ២០ឆ្នាំក្នុងពានរង្វាន់លំដាប់ទី៣របស់ AFC ដែលមានឈ្មោះផ្លូវការថា AFC Challenge League សម្រាប់រដូវកាលថ្មី ២០២៤-២០២៥ ក្រោយពីកំណែទម្រង់ថ្មីនិងការផ្លាស់ប្តូរពីឈ្មោះចាស់ AFC President’s Cup មកនេះ។ សង្កេតឃើញតួលេខអ្នកចូលទស្សនាផ្ទាល់ក្នុងថ្ងៃផ្តាច់ព្រ័ត្ររវាងក្រុមព្រះខ័នរាជស្វាយរៀង តទល់នឹងក្រុម FK Arkadag ហាក់មានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្រ្តនៃពានរង្វាន់ខាងលើ ដោយតាមតួលេខច្បាស់ការនោះគឺមានចំនួន ៥១៦១០នាក់ ដែលជាចំនួនមួយពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
រំឭឹកថា ពានរង្វាន់នេះបង្កើតឡើងដំបូងនៅឆ្នាំ ២០០៥ ដោយប្រើឈ្មោះផ្លូវការកាលនោះ AFC President’s Cup ដែលឆ្នាំដំបូងនោះ ម្ចាស់ជើងឯកបានទៅលើក្រុម Regar-TadAZ Tursunzoda របស់ប្រទេសតាជីគីស្ថានជំនួបវគ្គផ្តាច់ព្រ័ត្រពេលនោះទទួលបានទស្សនិកជនត្រឹម ៨០០០នាក់។
សម្រាប់រដូវកាលបន្ទាប់ក្នុងឆ្នាំ ២០០៦ ដែលការប្រកួតធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីកាលនោះក្រុមគ្រងជើងឯកបានទៅលើក្រុម Dordoi-Dynamo តួលេខអ្នកចូលរួមទស្សនាផ្ទាល់កាលនោះមានត្រឹម៥០០នាក់ប៉ុណ្ណោះ។
រដូវកាលបន្ទាប់ក្រុមជើងឯកចាស់មកពីប្រទេសកៀហ្ស៊ីស៊ីស្ថានក្រុម Dordoi-Dynamo ដដែលនៅតែបន្តគ្រងជើងឯកបន្តទៀត ដោយកាលនោះវគ្គផ្តាច់ព្រ័ត្រធ្វើនៅក្នុងប្រទេស ប៉ាគីស្ថានដែលមានចំនួនអ្នកចូលរួមទស្សនាផ្ទាល់កាលនោះ២០០០នាក់។
រដូវកាលឆ្នាំ២០០៨ក្នុងការប្រកួតផ្តាច់ព្រ័ត្រពេលនោះក្រុម Regar-TadAZ ដែលជាម្ចាស់ជើងឯកនោះ ដែលប្រព្រឹត្តក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថានកាលនោះមានចំនួនអ្នកចូលរួមទស្សនា១ម៉ឺននាក់។
មួយឆ្នាំបន្ទាប់ពោលក្នុងឆ្នាំ២០០៩ ជំនួបរវាងក្រុម Regar-TadAZ និងក្រុម Dordoi-Dynamo ត្រូវប៉ះគ្នាសារជាថ្មី ដោយគ្រានោះការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើឡើងក្នុងទឹកដីរបស់ក្រុម Regar-TadAZ ហើយក្រុមដដែលនេះក៏នៅតែគ្រងជើងឯកក្នុងពានលំដាប់ទី៣មួយនេះ ដែលកាលនោះគេដឹងថាជំនួបដណ្តើមពានមួយនេះមានអ្នកចូលរួមផ្ទាល់១ម៉ឺននាក់។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ AFC President’s Cup ឆ្នាំ២០១០ ដែលប្រព្រឹត្តទៅក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដែលកាលនោះក្រុមម្ចាស់ទឹកដី Yadanarbon FC គ្រងតំណែងជើងឯកនោះមានចំនួនអ្នកចូលរួមទស្សនិកជនដល់ទៅ ២៣៧២០នាក់។
ឆ្នាំ២០១១ជាឆ្នាំមួយដែលក្រុមភ្នំពេញក្រោនជាក្រុមតំណាងកម្ពុជាទីមួយដែលឈានជើងដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រកាលនោះ ដែលកាលនោះក្រោនរងបរាជ័យក្រុមម្ចាស់ផ្ទះ Taiwan Power Company ក្នុងលទ្ធផល ៣ទល់នឹង២ ពេលនោះចំនួនអ្នកចូលរួមទស្សនាផ្ទាល់មានត្រឹម ៣២៣៨នាក់។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០១២ដែលប្រទេសតាជីគីស្ថានធ្វើជាម្ចាស់ផ្ទះកាលនោះចំនួនអ្នកចូលរួមទស្សនាវគ្គដ៏សំខាន់មួយនេះមានចំនួន ១៩៣២៣នាក់។
ក្នុងឆ្នាំបន្ទាប់ពោលគឺឆ្នាំ២០១៣ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះជាលើកទី២នោះ សម្រាប់វគ្គផ្តាច់ព្រ័ត្រកាលនោះទទួលបានចំនួនអ្នកចូលមើលត្រឹម៥៧៨នាក់ប៉ុណ្ណោះ។
សម្រាប់ការប្រកួតក្នុងឆ្នាំ២០១៤ជាឆ្នាំចុងក្រោយដែលពានលំដាប់ទី៣មួយនេះប្រើឈ្មោះ AFC President’s Cup កាលនោះការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមមកពីប្រទេសតូមិននីស្ថាននិងក្រុមមកពីប្រទេសកូរ៉េខាងជើងដែលធ្វើលើទឹកដីប្រទេសស្រីលង្កាមានទស្សនិកជនត្រឹម២០០នាក់នោះទេ។
សរុបមកការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ីលំដាប់ទី៣ មួយនេះក្រោយតែពីប្តូរឈ្មោះថ្មីមក AFC Challenge League នេះវិញហើយប្រព្រឹត្តក្នុងទឹកដីព្រះរាជណាចក្រកម្ពុជាកាលពីថ្ងៃ ១០ ខែឧសភា ឆ្នាំ២០២៥ នេះគឺជាការប្រកួតមួយដែលមានចំនួនទស្សនិកជនចូលរួមទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត៕