លោក ភោគ គីមសៀក គ្រូបង្គោលក្រុមយុវជនអាយុក្រោម១៤ឆ្នាំវិសាខាក្រោយប្រកួតទទួលបានជ័យជំនះដំបូងនៃពានរង្វាន់ VISAKHA U14 CUP លើកទី១ថ្លែងប្រាប់ AMS Sports ថាពិតជារឿងដ៏ល្អមួយដែលបាល់ទាត់កម្ពុជាក្នុងពេលនេះមានការរៀបចំព្រឹត្តិការណ៍ផ្លូវការសម្រាប់យុវជនកម្រិតអាយុក្រោម១៤ប្រកួតប្រជែងគ្នានេះកើតឡើង។ លោកថាការបង្កើតឱ្យមានការប្រកួតលក្ខណៈផ្លូវការដូច្នេះគឺបានផ្តល់ឱកាសដល់ក្មេងៗទាំងអស់បានបង្ហាញសមត្ថភាពលើទីលានជាក់ស្តែង ការសម្របខ្លួនជាមួយបរិយាកាសប្រកួតប្រជែងពិតៗខុសពីការដែលហ្វឹកហាត់ធម្មតាៗ។
គ្រូបង្វឹកមានប្រភពពីខេត្តស្វាយរៀងបន្ថែមទៀតប្រសិននៅថ្ងៃអនាគតមានការរៀបចំការប្រកួតលក្ខណៈលីគលើកម្រិតអាយុក្រោម១៤ឆ្នាំនោះ លោកមានសុទិដ្ឋិនិយមខ្ពស់ថាបាល់ទាត់កម្ពុជានឹងមានភាពជឿនលឿនតាមរយៈការអភិវឌ្ឍយុវជនថ្នាលនៅតាមបណ្តាលក្លិបទាំងអស់។
ទន្ទឹមគ្នា គ្រូបង្គោលក្រុមអាយុក្រោម១៤វិសាខារូបនេះក៏បាននិយាយពីឧបសគ្គមួយចំនួនសម្រាប់ការអប់រំយុវជនកម្រិតអាយុមួយនេះដោយតម្រូវឱ្យលោកក្នុងនាមជាអ្នកគ្រប់គ្រងបង្ហាញនៅសកម្មភាពវិជ្ជមានសម្រាប់ជាគំរូទៅដល់ពួកគាត់ ការកំណត់វិន័យម៉ត់ចត់ ក៏ដូចជាការថែទាំសុខភាពរាងកាយ។
សូមបញ្ជាក់ថា ពានរង្វាន់ VISAKHA U១៤ CUP រដូវកាលដំបូងមានត្រឹមបួនក្រុមចូលរួមប៉ុណ្ណោះក្នុងនោះរួមមានក្រុមU១៤ វិសាខា ក្រុមU១៤ បឹងកេត ក្រុមU១៤ ព្រះខ័នរាជស្វាយរៀង និង ក្រុមU១៤ អាយអេសអាយ ដង្កោសែនជ័យ៕