Manchester United ត្រូវបានរាយការណ៍ថា មានករណីកូវីដ១៩បន្ថែមទៀត បន្ទាប់ពីកីឡាករក្នុងក្រុម បានត្រលប់មកចូលរួមហ្វឹកហាត់ជាថ្មី។
មជ្ឈមណ្ឌលហ្វឹកហាត់ Carrington របស់ក្លិបបិសាចក្រហម ត្រូវបានបិទទ្វារកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការកើនឡើងនូវចំនួនករណីឆ្លងកូវីដ១៩ ដែលនាំឱ្យការប្រកួត Premier League កាលពីថ្ងៃអង្គារទល់នឹង Brentford ត្រូវបានលើកពេល។
កីឡាកររបស់ Man Utd បានត្រលប់មកហ្វឹកហាត់ជាថ្មីនៅថ្ងៃពុធ ប៉ុន្ដែមិនមានលទ្ធផលតេស្ដវិជ្ជមានលើកីឡាករទាំងនោះឡើយ។ ពួកគេបានត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹង Brighton នៅកីឡដ្ឋាន Old Trafford នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ប៉ុន្ដែពេលនេះ មានភាពមិនច្បាស់លាស់ថាតើការប្រកួត នឹងអាចធ្វើទៅបានឬយ៉ាងណានោះទេ ក្រោយលេចលឺថាមានករណីឆ្លងនៅក្នុងក្រុមជាបន្ដទៀត ហើយ Man Utd កំពុងបន្ដផ្ដល់ដំណឹងទៅ Premier League ចំពោះការវិវត្តនៃស្ថានភាពក្នុងក្រុម។
ការប្រកួត Premier League រវាង Burnley និង Watford ត្រូវបានលើកពេលកាលពីថ្ងៃពុធ ដោយសារតែមានការរាតត្បាតកូវីដ១៩ ក្នុងចំណោមសមាជិកក្រុមភ្ញៀវ។ ក្លិប Burnley បានប្រកាសពីការលើកពេលប្រកួតនៅលើបណ្ដាញសង្គម ពីរម៉ោងមុនការប្រកួតមកដល់។ នេះជាប្រកួតទី៣នៅលីគកំពូលអង់គ្លេស ដែលត្រូវបានលើកពេល បន្ទាប់ជំនួបរវាង Brighton ទល់នឹង Tottenham កាលពីសប្ដាហ៍មុន និងការជួបគ្នារវាង Brentford និង Manchester United កាលពីថ្ងៃអង្គារ។
ក្រោយមានការណែនាំ ពីការបង្ការ ការឆ្លងវីរុសកូរ៉ូណាបម្លែងថ្មីអូមីក្រុង ក្នុងប្រទេសអង់គ្លេស បានតម្រូវឱ្យក្លិប Premier League កាលពីថ្ងៃទី៩ ខែធ្នូ ត្រូវអនុវត្តតាមគោលការណ៍សុវត្ថិភាព រួមមានការរក្សាគម្លាត និង ការពាក់ម៉ាសជាដើម៕