កីឡាផ្សារភ្ជាប់សុខភាព រដ្ឋមន្ដ្រីអប់រំ គាំទ្រសាលាសុខភាពឆ្នើម លើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស

1 នាទីអាន

ក្នុងបរិបទរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់លើសុខភាពរបស់សិស្សានុសិស្ស សកម្មភាពកីឡា ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដើម្បីលើកកម្ពស់ទម្លាប់រស់នៅ និងការរៀនសូត្រ ប្រកបដោយសុខភាពល្អ ។ ការណ៍នេះ បានជំរុញឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា គាំទ្រការង្កើតនូវកម្មវិធី អេ អាយ អេ សាលាសុខភាពឆ្នើម ដែលស្របតាមគោលនយោបាយរបស់ក្រសួង។

ការគាំទ្រនេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធីខាងលើ កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ក្រោមកិច្ចសហការរវាងក្រសួង ជាមួយក្រុមហ៊ុន អេអាយអេ ខេមបូឌា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក ប៉ូ ច័ន្ទភីរ៉ូ អគ្គនាយកនិយ័តករធារ៉ាប់រងកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនផងដែរ។

សសរស្ដម្ភ ៤ ត្រូវបានដាក់ឲ្យអនុវត្តក្នុងកម្មវិធី អេអាយអេ សាលាសុខភាពឆ្នើម ទី១-ទម្លាប់រស់នៅ និងការសិក្សារៀនសូត្រមានសុខភាពល្អ សកម្ម ដែលមានបញ្ចូលនូវសកម្មភាពអប់រំកាយ និងកីឡាជាច្រើន ដើម្បីលើកកម្ពស់សកម្មភាពអប់រំកាយប្រកបដោយសុខភាព និងសុខុមាលភាព ។ ទី២-អាហារសុខភាព ទី៣-សុខុមាលភាពផ្លូវចិត្ដ និងទី៤-សុខភាព និងចីរភាពបរិស្ថាន។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចាត់ទុកសមាសភាគទាំង ៤ នេះ បានរួមចំណែកយ៉ាងខ្លាំង ស្របតាមស្តង់ដាសាលារៀនគំរូ និងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ឲ្យប្រើប្រាស់រយៈពេល ២ឆ្នាំកន្លងមក ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកសាងធនធានមនុស្ស ដែលមានទាំងចំណេះដឹង និងសុខភាពល្អ ដើម្បីការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

លោកចាត់ទុកនេះ គឺជាការយកចិត្តទុកដាក់រួមគ្នាក្នុងការលើកកម្ពស់សុខភាពសិក្សា តាមរយៈការធ្វើលំហាត់ប្រាណ ការជំរុញបរិភោគអាហារសុខភាព ការយល់ដឹងអំពីសារៈសំខាន់និងតម្លៃនៃអាហារូបត្ថម្ភ ការចេះបង្កើតទម្លាប់រស់នៅល្អ ការយល់ដឹងអំពីរបៀបគ្រប់គ្រងចិត្តនិងអារម្មណ៍ និងការចូលរួមថែរក្សាបរិស្ថានរស់នៅប្រកបដោយចីរភាព ដើម្បីឆ្លើយតបនឹងទិសដៅអាទិភាពគោលនយោបាយអប់រំ គឺធានាឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត។

គួរដឹងថា កម្មវិធីសាលាសុខភាពឆ្នើម ខាងលើ បើកទូលាយសម្រាប់ការចូលរួមប្រកួតប្រជែង ក្នុងដំណើរលើកកម្ពស់សុខុមាលភាពសិស្ស ដើម្បីក្លាយជាម្ចាស់ជ័យលាភី ពោលគឺគ្រប់សាលាបឋមសិក្សា និងអនុវិទ្យាល័យទូទាំងប្រទេស ទាំងសាលារដ្ឋ ឯកជន និងអង្គការ ដែលទទួលស្គាល់ដោយក្រសួងអប់រំ សុទ្ធតែអាចចូលរួមបាន ជាមួយរង្វាន់ដល់សាលាជ័យលាភី សម្រាប់បន្ដអភិវឌ្ឍ និងអនុវត្តគម្រោងរបស់សាលាស្មើនឹងទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារទៀតផង៕