កីឡាករ និងក្រុមគ្រូបង្វឹករបស់វិទ្យាល័យប្ញស្សីកែវមានការតាំងចិត្តខ្ពស់ក្នុងការគ្រងជើងឯកពានរង្វាន់ AIA រដូវកាលទី៣ជូនចំពោះវិទ្យាល័យខ្លួន និងអ្នកគាំទ្ររបស់ខ្លួន។ ជាមួយគ្នានោះដែរ លោក ញែម ភារម្យ គ្រូបង្វឹកក្រុមវិទ្យាល័យប្ញស្សីកែវ ថាក្រុមរបស់លោកត្រៀមខ្លួនមកជារួចរាល់អស់ហើយ ចំពោះបញ្ហាកីឡាកររបួសខ្លះលោកជឿជាក់ថាពួកគេអាចនឹងជាទាន់ពេលវេលានៃថ្ងៃផ្តាច់ព្រ័ត្រ។
“ ខ្ញុំប្តេជ្ញាចិត្តថានឹងយកឈ្នះជូនអ្នកគាំទ្រ និងថ្នាក់ដឹកនាំដើម្បីសាលាយើងទាំងអស់គ្នា ”។
ក្រឡេកមកកីឡាករ ម៉ាន់ រ៉យ៉ានី ខ្សែប្រយុទ្ធរបស់វិទ្យាល័យប្ញស្សីកែវ បានចាត់ទុកពានរង្វាន់ AIA មួយនេះជាពានធំបំផុតរបស់ខ្លួនតាំងពីចេះលេងបាល់ទាត់មក។ តារាជើងស៊ុតវ័យ ១៧ឆ្នាំដដែល ថាគេនឹងមិត្តរួមក្រុមនឹងខំប្រឹងយកជ័យជំនះជូនដល់សាលា ព្រោះពួកគេតស៊ូមកជាយូរមកហើយ។
“ ចាត់ទុកពាននេះជាពានធំជាងគេប្រចាំជីវិតហើយបង ព្រោះតាំងពីចេះលេងបាល់មកមិនដែលមានពានរង្វាន់ណាធំបែបហ្នឹងបង ”។
សូមរំលឹកផងដែរ វិទ្យាល័យប្ញស្សីកែវបានយកឈ្នះលើវិទ្យាល័យជ័យវរ្ម័នទី៧ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរជើងក្នុងលទ្ធផលសរុប ៩-១ នាទីលានបឹងត្របែកកន្លងទៅ។ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមវិទ្យាល័យប្ញស្សីកែវត្រូវតទល់នឹងវិទ្យាល័យឥន្រ្ទទេវីក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕