Raul អាចចេញពីមន្ទីរពេទ្យដើមសប្ដាហ៍ក្រោយបន្ទាប់ពីវះកាត់ព្យាបាលលលាដ៍ក្បាល

Monghak Yong
18 មើល
0 នាទីអាន
- Advertisement -

ក្លិប Wolverhampton Wanderers សង្ឃឹមថាខ្សែប្រយុទ្ធ Raul Jimenez នឹងអាចចាកចេញពីមន្ទីរពេទ្យដើមសប្ដាហ៍ក្រោយ បន្ទាប់ពីធ្វើការវះកាត់ព្យាបាលលលាដ៍ក្បាលស្រាំ ក្រោយទង្គិចនឹងក្បាល David Luiz អំឡុងការប្រកួតនៅទឹកដី Arsenal ចុងសប្ដាហ៍មុន។

កីឡាករជម្រើសជាតិម៉ិកស៊ីកូវ័យ២៩ឆ្នាំត្រូវបានដាក់អុកស៊ីហ្ស៊ែនភ្លាមៗនៅលើទីលាន មុនពេលបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់។

វេជ្ជបណ្ឌិតប្រចាំក្លិប Wolves លោក Matt Perry បាននិយាយកាលថ្ងៃពុធទី២ខែធ្នូឆ្នាំ២០២០ថា Jimenez កំពុងសះស្បើយបណ្ដើរៗយ៉ាងល្អនៅក្នុងមន្ទីរពេទ្យ។

លោក Perry បញ្ជាក់ថា៖ «ពួកយើងសោមនស្សណាស់ចំពោះដំណឹងមកពីអ្នកឯកទេសព្យាបាលរបស់គាត់ គឺគាត់កំពុងវិវឌ្ឍយ៉ាងល្អប្រសើរ។ គាត់គួរតែអាចចេញពីមន្ទីរពេទ្យបាននៅដើមសប្ដាហ៍ក្រោយ។ របួសប្រភេទនេះគឺស្មុគស្មាញ ហើយរយៈពេលព្យាបាលគឺមិនច្បាស់លាស់ ប៉ុន្តែអ្វីដែលច្បាស់លាស់អាចនិយាយបានគឺថាអ្វីដែល Raul ត្រូវការបន្ទាន់បំផុតគឺលំហ ការសម្រាក និងសន្តិភាព»។

Jimenez បានបង្ហោះលើ Twitter របស់គេថាគេសង្ឃឹមថាបានត្រលប់មកទីលានប្រកួតវិញឆាប់ៗ។
រដូវកាលមុនគេរកបាន១៧គ្រាប់ជួយ Wolves បញ្ចប់រដូវកាលក្នុងលេខរៀងទី៧ក្នុង Premier League។

សូម​ជម្រាប​ផង​ដែរ​ថា​ក្រោយ​ការ​ប៉ះ​ទង្គិច​ក្បាល​គ្នា​ខ្លាំង​រវាង Luiz និង Wolves មាន​សំណូម​ពរ​ពីអ្នក​វិភាគ​មួយ​ចំនួន​ដើម្បី​ឱ្យ​​បង្កើត​​បទបញ្ជា​ផ្លាស់ប្ដូរ​ពិសេស​សម្រាប់​កីឡាករ​របួស​ក្បាល​ក្នុង​ការ​ប្រកួត៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕