Skip to content
ក្រោយឈ្នះដោយគ្មាន Messi គ្រូ Barca ថាក្រុមខ្លួនមានជម្រើសល្អច្រើន ពិសេសនៅតំបន់ប្រយុទ្ធ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ក្រោយឈ្នះដោយគ្មាន Messi គ្រូ Barca ថាក្រុមខ្លួនមានជម្រើសល្អច្រើន ពិសេសនៅតំបន់ប្រយុទ្ធ

Barcelona រក្សាបានកំណត់ត្រាឥតខ្ចោះក្នុងការប្រកួត UEFA Champions League ពូល G ក្រោយស៊ីម្ចាស់ផ្ទះ Ferencvarosi TC ៣-០ ដោយគ្មានប្រធានក្រុម Lionel Messi យប់ទី២ធ្នូឆ្នាំ២០២០។

គ្រាប់ទាំង៣រកបានក្នុងចន្លោះពេល២៨នាទីដំបូង ដោយ Antoine Griezmann ក្នុងនាទី១៤, Martin Braithwaite ក្នុងនាទី២០ និង Ousmane Dembele ទាត់បាល់ពិន័យ១១ម៉ែត្រក្នុងនាទី២៨។

លោក Ronald Koeman បានផ្លាស់ប្ដូរសមាសភាព៥នាក់ក្នុងជម្រើស១១នាក់ដំបូងរបស់លោកខុសពីពេលលេងឈ្នះ Osasuna ថ្ងៃអាទិត្យមុន រួមទាំងសម្រាក Lionel Messi ផងដែរ។

នៅក្រោយការប្រកួតលោក Koeman បាននិយាយថា៖ «ពួកយើងលេងបានល្អណាស់, ពួកយើងរកបានគ្រាប់បាល់អស្ចារ្យមួយចំនួន ហើយខ្ញុំសប្បាយចិត្តណាស់ចំពោះរបៀបដែលយើងបានលេង ជាពិសេសក្នុងវគ្គទី១។ អ្នកអាចឃើញថាពួកយើងមានក្រុម(squad)អស្ចារ្យមួយ ដោយយើងអាចសម្រាកកីឡាករបានច្រើននាក់ ហើយអ្នកដែលបានលេងថ្ងៃនេះបានបង្ហាញថាមានការប្រកួតប្រជែងខ្ពស់នៅក្នុងក្រុម ពិសេសនៅតំបន់ប្រយុទ្ធ»។

Barca មាន១៥ពិន្ទុពេញពី៥ប្រកួតមកនេះ ហើយពួកគេត្រូវការយ៉ាងហោច១ពិន្ទុទល់ Juventus សប្ដាហ៍ក្រោយដើម្បីធានាលេខ១ក្នុងពូល៕