ក្រុមកីឡារត់ SuSu Running Club និង ក្រុមកីឡារត់ KK Running Club រៀបចំកម្មវិធីរត់ប្រណាំងដើម្បីសប្បុរសធម៌ចម្ងាយ១០គីឡូម៉ែត្រ ឬ SuSu 10K Charity Run នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅជីបម៉ុង២៧១ ដោយមានការចូលរួមពីអ្នករត់កម្រិតអាជីព និងមហាជនទូទៅប្រមាណជាង២៣០០នាក់ ចែកជាវិញ្ញាសា១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ។
លោក Johnson តំណាងក្រុមរត់ SuSu Run ប្រាប់ថា នេះជាលើកទី៣ហើយដែលកម្មវិធីរត់នេះត្រូវបានរៀបចំឡើង ហើយឆ្នាំនេះប្រព្រឹត្តទៅក្រោមប្រធានបទ Run for the Future Never Say Never ក្នុងន័យលើកទឹកចិត្តមនុស្សគ្រប់រូបខិតខំប្រឹងប្រែង មិនអស់សង្ឃឹម។ ទន្ទឹមនឹងនេះ ថវិកាទទួលបានពីការចុះឈ្មោះនឹងត្រូវបង្វែរជួយដល់អង្គការផ្សេងៗ ហើយកម្មវិធីរត់លើកនេះក៏បានអញ្ជើញកុមារនៅអង្គការចូលរួមស្រែកហ៊ោលើកទឹកចិត្តដល់អ្នករត់ដើម្បីបង្កើនកម្លាំងចិត្តដល់ពួកគេផងដែរ។ មិនតែប៉ុណ្ណោះទេ អត្តពលិកមានពិការភាពក៏ត្រូវបានអញ្ជើញចូលរួមរត់ជាមួយអ្នករត់ទូទៅដែរ។ លោកសង្ឃឹមថា អត្តពលិកក្នុងស្រុកនឹងចូលរួមកាន់តែច្រើនថែមទៀតដើម្បីជាមិត្តភាព ហើយរំពឹងថា ពួកគេកាន់តែពេញចិត្តព្រឹត្តិការណ៍នេះ។
តំណាងក្រុមដដែលបន្តថា ក្រៅពីអត្តពលិក និងអ្នកនិយមកីឡារត់ក្នុងស្រុក ក៏មានជនបរទេសជាច្រើនដែលកំពុងធ្វើការនៅកម្ពុជា មានដូចជា បារាំង ហ្វីលីពីន ជប៉ុន ចិន សិង្ហបុរី និងជនជាតិផ្សេងៗយ៉ាងច្រើនទៀត។
ទាក់ទងទៅនឹងចំនួនអ្នកចូលរួមនេះដដែលលោក Johnson បញ្ជាក់ថា មានការកើនឡើងប្រមាណ៤០ភាគរយធៀបទៅឆ្នាំមុន ហើយអ្វីគួរកត់សម្គាល់ទៀតនោះ គឺមានការដាក់នូវឧបករណ៍បច្ចេកទេសដើម្បីឱ្យអ្នករត់បានដឹងពីថិរវេលា និងគុណផលរបស់ពួកគេ។
ជាចុងក្រោយ លោក Johnson បានអំពាវនាវអ្នកនិយមកីឡារត់ជនជាតិខ្មែរចូលរួមកាន់តែច្រើន ហើយក៏សង្ឃឹមថា នឹងមានជនជាតិថ្មីៗថែមទៀតបានចូលរួម។
ចំណែកលោក គីម សារឿន ហៅ គីមកុក តំណាងក្រុម KK Running Club ថ្លែងថា ការចូលរួមលេងកីឡាមិនត្រឹមតែផ្ដល់នូវសុខភាពល្អ និងមិត្តភាពប៉ុណ្ណោះទេ តែក៏ជាចំណែកនៃសប្បុរសធម៌ជួយដល់សង្គមជាតិដែរ៕
