Hello United គឺជាក្រុមបាល់ទាត់ខ្មែរដំបូងគេបានចូលរួមប្រកួតពានរង្វាន់ AFC President’s Cup ដែលជាពានរង្វាន់ក្លិបម្រិតទី៣នៃទ្វីបអាស៊ី។
ការប្រកួតនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី ហើយ Hello United បានចូលរួមក្នុងឆ្នាំដំបូងនោះតែម្ដង។
ក្នុងឆ្នាំដំបូងនោះ ទោះបី Hello United បានបញ្ចប់យុទ្ធនាការត្រឹមវគ្គចែកពូល ប៉ុន្តែលោក ហុក សុចិត្រា អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា ស្ថិតក្នុងចំណោមអ្នករកបានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ (Top Scorers) គឺ ៤គ្រាប់ស្មើកីឡាករបរទេស៤រូបផ្សេងទៀត។

ក្រោយមក Hello United បានប្ដូរទៅជា Phnom Penh United បន្តដោយ Phnom Penh Empire និង Phnom Penh Crown រហូតដល់សព្វថ្ងៃ។
ជុំវិញសមិទ្ធផលក្នុងពានដដែលនេះ ភ្នំពេញក្រោន បានក្លាយជាក្រុមខ្មែរដំបូងគេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ គឺឆ្នាំ ២០១១ និងទទួលបានចំណាត់ថ្នាក់លេខ២។
AFC President’s Cup ត្រូវបានបន្តដំណើររហូតដល់ចប់រដូវកាល ២០១៤ ទើបសហព័ន្ធកីឡាបាល់ទាត់អាស៊ីបានសម្រេចលុបពានរង្វាន់នេះ ដោយសល់ត្រឹមការប្រកួតចំនួន២ គឺ AFC Champions League និង AFC Cup។
ប៉ុន្តែដល់រដូវកាល ២០២៤-២០២៥ AFC បានសម្រេចបង្កើតពានរង្វាន់ក្លិបកម្រិតទី៣នេះឡើងវិញ មានឈ្មោះថា AFC Challeng League ដែលព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ២លើកជាប់គ្នា។ ចំណែក AFC Champions League បានក្លាយទៅជា AFC Champions League Elite និង AFC Cup ទៅជា AFC Champions League Two៕
រូបភាព : Facebook លោក ហុក សុចិត្រា
