វីដេអូខ្លីមួយដែលបង្ហាញពីសម្រស់ស្រ្តីម្នាក់អង្គុយមើលការប្រកួតកីឡាបេស្បល (Baseball) កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយមានអ្នកចូលទស្សនាលើសពី ៨.១ លានដង។ ប៉ុន្តែ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះគឺ វីដេអូដ៏រស់រវើកនេះមិនមែនជាមនុស្សពិតឡើយ តែគឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
វីដេអូដែលមានរយៈពេលត្រឹមតែ ៥ វិនាទីនេះ បានបង្ហាញពីស្រ្តីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំង រហូតត្រូវបានអ្នកលេងអ៊ីនធឺណិតដាក់រហស្សនាមឱ្យថា “ទេពធីតាតារាងបេស្បល”។ ក្នុងវីដេអូនោះ នាងកំពុងអង្គុយក្នុងតំបន់អ្នកគាំទ្រក្រុម Doosan Bears និងបានសម្តែងកាយវិការដកដង្ហើមធំ ហាក់បីដូចជាខកចិត្តនឹងទម្រង់លេងរបស់កីឡាករនៅលើទីលាន។

ទោះបីជាបច្ចេកវិទ្យា AI ធ្វើឱ្យរូបរាងមនុស្សមើលទៅដូចពិតៗយ៉ាងណាក៏ដោយ ក៏វានៅតែមានចំណុចចន្លោះប្រហោងដែលអ្នកគាំទ្រកីឡាបេស្បលកត់សម្គាល់ឃើញ។
ចំណុចដែលធ្វើឱ្យការបោកបញ្ឆោតនេះត្រូវបានលាតត្រដាង គឺស្ថិតនៅលើតារាងពិន្ទុដែលបង្ហាញនៅផ្នែកខាងលើនៃវីដេអូ ដែលក្នុងនោះមានការដាក់ឱ្យកីឡាករពីររូបមកប្រឈមមុខគ្នាដែលមិនអាចកើតឡើងក្នុងការពិតបានឡើយ។ តារាងពិន្ទុបានបង្ហាញឈ្មោះកីឡាករបោះបាល់ Kim Seo-hyun មកពីក្រុម Hanwha ដែលជាកីឡាករទើបតែចូលលេងក្នុងឆ្នាំ ២០២៣ ប្រកួតជាមួយកីឡាករវាយបាល់ Cho In-sung មកពីក្រុម Doosan ដែលតាមពិតទៅកីឡាកររូបនេះបានចូលនិវត្តន៍តាំងពីឆ្នាំ ២០១៧ ហើយបច្ចុប្បន្នកំពុងបំពេញតួនាទីជាគ្រូបង្វឹក។ ការជួបគ្នារវាងកីឡាករខុសជំនាន់គ្នាបែបនេះ គឺជាភស្តុតាងជាក់ស្តែងដែលបញ្ជាក់ថា AI បានបញ្ចូលទិន្នន័យខុសឆ្គងទៅក្នុងរូបភាពដែលវាបានបង្កើតឡើង។
ក្រោយពីមានការសង្ស័យ អ្នកលេងអ៊ីនធឺណិតបានបន្តស្វែងរកប្រភពដើមរហូតឃើញគណនី Instagram របស់ស្រ្តីក្នុងវីដេអូនោះ ដែលមានតែការបង្ហោះរូបភាព និងវីដេអូហាត់ប្រាណដែលសុទ្ធសឹងតែជារូបភាពបង្កើតដោយ AI ទាំងអស់។ ករណីនេះបានធ្វើឱ្យមហាជនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនៃបច្ចេកវិទ្យាដែលមើលទៅកាន់តែដូចមនុស្សពិត និងអាចបង្កជាហានិភ័យនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា ឬការបង្កើតគណនីក្លែងក្លាយក្នុងគោលបំណងមិនល្អផ្សេងៗនាពេលអនាគត។
បច្ចុប្បន្ន វីដេអូនេះនៅតែបន្តជាប្រធានបទក្តៅគគុកក្នុងការដាស់តឿនដល់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន និងខ្លឹមសារដែលមើលឃើញតាមអ៊ីនធឺណិត។
