Skip to content
រកឃើញ៤ក្រុមឡើងទៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ AFC Champions League ភូមិភាគបូព៌ា
    ទំព័រដើម  »  កីឡាអន្តរជាតិ

រកឃើញ៤ក្រុមឡើងទៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ AFC Champions League ភូមិភាគបូព៌ា

Suwon Samsung Bluewings ជាក្រុមចុងក្រោយដែលកក់កៅអីឡើងទៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ AFC Champions League 2020 ភូមិភាគបូព៌ា បន្ទាប់ពីវាយបកយកឈ្នះ ក្រុមជប៉ុន Yokohama F. Marinos ដោយលទ្ធផល ៣-២ នៅវគ្គ១៦ក្រុម កាលពីយប់ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមដែលមកពីកូរ៉េខាងត្បូង នឹងចូលរួមវគ្គ៨ក្រុមចុងក្រោយ ជាមួយ ក្រុមចិន Beijing FC, ក្រុមជប៉ុន Vissel Kobe និងក្រុមកូរ៉េខាងត្បូង Ulsan Hyundai FC ហើយការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះ វេលាម៉ោង ៤៖៣០នាទីរសៀលនៅម៉ាឡេស៊ី(ត្រូវនឹងម៉ោង ៣៖៣០នាទីរសៀលនៅកម្ពុជា)។

Vissel Kobe បានឈានមកកាន់វគ្គ៨ក្រុមចុងក្រោយ សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ បន្ទាប់ពីយកឈ្នះ Shanghai SIPG ២-០ កាលពីថ្ងៃចន្ទ ដែលគ្រាប់បាល់រកបានដោយ វីរបុរសអេស្ប៉ាញ Andres Iniesta និងកីឡាករ Daigo Nishi។

Beijing FC ឆ្លងផុតវគ្គ១៦ក្រុម ក្រោយយកឈ្នះ FC Tokyo ១-០ ហើយក្រុមកូរ៉េខាងត្បូង Ulsan Hyundai FC បានបំបាក់ក្រុមជើងខ្លាំងអូស្ដ្រាលី Melbourne Victory ដោយលទ្ធផល ៣-០៕