ប្រដាល់សកលកម្ពុជា និងដៃគូ គ្រោងរៀបចំកម្មវិធីដ៏ធំពិសេសលំដាប់អន្តរជាតិចំនួន២ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ

0 នាទីអាន

ប្រដាល់សកលកម្ពុជាត្រៀមបង្កើតព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិ និងរៀបចំការប្រកួតទ្រង់ទ្រាយធំដូច UFC

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុន BRICS House Cambodia កំពុងស្ថិតក្នុងកិច្ចពិភាក្សាលើគម្រោងរៀបចំកម្មវិធីប្រកួតដ៏ពិសេសមួយ ដែលមានទម្រង់ប្រហាក់ប្រហែលនឹងការប្រកួតគុនចម្រុះ UFC រៀបចំឡើងដោយភាគីរុស្ស៊ី។ ជាមួយគ្នានេះ សហព័ន្ធក៏មានផែនការរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់លំដាប់អន្តរជាតិ ដើម្បីពង្រឹងវិស័យប្រដាល់សកលអាជីព ដែលកម្ពុជាបានខកខានរៀបចំជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការប្រកួតចុងក្រោយបង្អស់របស់អតីតកីឡាករឆ្នើម វី សាវុធ (បងប្រុសបង្កើតរបស់កីឡាករ វី សុភ័ស្ស)។

ការផ្លាស់ប្តូរដ៏សំខាន់នេះកើតឡើងបន្ទាប់ពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និង BRICS House Cambodia បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កីឡាប្រដាល់សកលអាជីពរយៈពេល ២ឆ្នាំ។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានគូសបញ្ជាក់ថា ភាពជាដៃគូប្រវត្តិសាស្ត្រនេះនឹងបើកឱកាសយ៉ាងទូលំទូលាយដល់កីឡាករ-កីឡាការិនីអាជីព ក្នុងការអភិវឌ្ឍសមត្ថភាព បង្កើនប្រាក់ចំណូល និងពង្រឹងគុណផលបច្ចេកទេសរបស់ក្រុមជម្រើសជាតិ។ លើសពីនេះ ទិសដៅយុទ្ធសាស្ត្រធំបំផុតរបស់សហព័ន្ធ គឺការនាំយកកីឡាប្រដាល់សកលកម្ពុជាត្រឡប់ទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកជាថ្មីម្ដងទៀត បន្ទាប់ពីកម្ពុជាធ្លាប់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ១៩៦៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។