ចាប់ផ្តើមចេញពីការដើរហ្វឹកហាត់តាមអ៊ំប្រុសដែលជាអតីតកីឡាករវាយសី កីឡាករ យ៉ាំ សំណាង បានខិតខំអភិវឌ្ឍសមត្ថភាពខ្លួនយ៉ាងឆាប់រហ័ស រហូតក្លាយជាសមាជិកស្នូលដ៏សំខាន់របស់ក្រុមក្រសួងមហាផ្ទៃ និងជាកីឡាករជម្រើសជាតិកម្ពុជាដ៏មានសមត្ថភាពមួយរូប។
បន្ថែមពីលើកិត្តិយស និងជោគជ័យលើសង្វៀនប្រកួត យុវជនដើមកំណើតមកពីខេត្តកំពង់ឆ្នាំងរូបនេះបានទម្លាយថា កីឡាវាយសីពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសាររបស់គេឱ្យកាន់តែប្រសើរឡើង។ ប្រាក់ចំណូលទាំងនោះបានមកពីការតំណាងឱ្យស្ថាប័នផ្សេងៗក្នុងការប្រកួត និងការចំណាយពេលទំនេរជួយបង្ហាត់កីឡាវាយសីដល់មហាជនទូទៅ។
គួររំឭកផងដែរថា កីឡាករ យ៉ាំ សំណាង បានចាប់ផ្តើមហ្វឹកហាត់កីឡាវាយសីជាលើកដំបូងនៅក្នុងឆ្នាំ២០១៥។ ដោយសារតែការខិតខំប្រឹងប្រែង និងមានទេពកោសល្យខ្ពស់ រូបគេក៏ត្រូវបានជ្រើសរើសឱ្យចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិជម្រើសដំបូងនៅរាជធានីភ្នំពេញនាឆ្នាំ២០១៨ ហើយបានបន្តសាងស្នាដៃជាហូរហែរហូតមកទល់បច្ចុប្បន្ន៕
