អតីតខ្សែប្រយុទ្ធ Porto និង ជម្រើសជាតិប្រេស៊ីល Hulk បានប្រកាសចែកផ្លូវគ្នាជាមួយក្លិប Shanghai SIPG នៅលីគកំពូលចិន បន្ទាប់ពីក្លិបមួយនេះ ធ្លាក់ចេញពីការប្រកួត AFC Champions League កាលពីថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០។
កីឡាករវ័យ៣៤ឆ្នាំ ដែលបានផ្លាស់មកកាន់ទីក្រុងសៀងហៃ ពីក្លិបរុស្ស៊ី Zenit St Petersburg កាលពីខែកក្កដា ឆ្នាំ២០១៦ បានជួយឱ្យក្រុម Shanghai SIPG គ្រងតំណែងជើងឯក Chinese Super League នៅក្នុងឆ្នាំ ២០១៨ និងបានបញ្ចប់កំណត់ត្រាឈ្នះពានលីគកំពូលចិនជាប់គ្នារបស់ Guangzhou Evergrande ត្រឹម៧ឆ្នាំ។
កុងត្រាបច្ចុប្បន្នរបស់ Hulk ជាមួយ ក្លិបចិន នឹងផុតកំណត់នៅចុងខែធ្នូនេះ ហើយស្របពេលដែល Shanghai ធ្លាក់ចេញពីការប្រកួត ACL 2020 ក្រោយចាញ់ Vissel Kobe ដោយលទ្ធផល ២-០ កាលពីថ្ងៃចន្ទ នៅក្នុងវគ្គ៨ក្រុម ប៉ែកបូព៌ា។
កីឡាករដែលទទួលបានប្រាក់អាទិត្យ ជាង៣៨ម៉ឺនដុល្លារអាមេរិក បានបង្ហាញខ្លួនសរុប ១៤៥ប្រកួត ឱ្យ Shanghi និងគ្រាប់បាល់បាន ៧៦គ្រាប់ ដែលក្នុងចំណោមគ្រាប់បាល់ដែលរកបាន មាន៤៩គ្រាប់នៅ Chinese Super League សម្រាប់ការចូលរួមរយៈពេលជាង៤ឆ្នាំ។
ពេលវេលារបស់ Hulk ជាមួយ Shanghai SIPG ត្រូវបានបញ្ចប់ ក្រោយពីរូបគេមានជម្លោះជាមួយគ្រូបង្វឹក Vitor Pereira អំឡុងពេលប្រកួត AFC Champions League ដែលធ្វើឡើងនៅប្រទេសកាតារ។
អតីតខ្សែប្រយុទ្ធ Porto បានបង្ហាញអាកប្បកិរិយាខឹងសម្បារយ៉ាងខ្លាំង ដាក់គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ ក្រោយត្រូវបានប្ដូរចេញនៅក្នុងវគ្គទី២ ក្នុងជំនួបបរាជ័យ ១-០ ក្រោមថ្វីជើងក្រុម Yokohama F Marinos នៃវគ្គចែកពូល។
វាជាក៏ជាការប្រកួតចុងក្រោយ ដែលមានវត្តមាន Hulk លើទីលានប្រកួត ខណៈលោក Pereira បានដករូបគេចេញពីបញ្ជីកីឡាករ ហើយ១៦ថ្ងៃក្រោយ Shanghai ធ្លាក់ចេញពីការប្រកួតពានធំបំផុតប្រចាំទ្វីបអាស៊ី ដោយចាញ់ក្រុមជប៉ុន Vissel Kobe៕