សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញសេចក្ដីសម្រេចជាផ្លូវការ ផ្ដល់អាជ្ញាប័ណ្ណក្លិបអាជីពសម្រាប់ពានរង្វាន់ AFC Cup រដូវកាលថ្មី (AFC Club Licensing status for AFC Cup 2021) ដល់ក្លិបបាល់ទាត់កម្ពុជាចំនួន៥ រួមមាន បឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និង អង្គរថាយហ្គឺរ។
ក្នុងបញ្ជីរបស់ AFC បង្ហាញថាមានក្លិបបាល់ទាត់កម្ពុជាចំនួន១២បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណក្លិបអាជីពសម្រាប់លេងពាន AFC Cup ប៉ុន្តែមានតែ៥ក្លិបខាងលើប៉ុណ្ណោះដែលមានគ្រប់លក្ខណៈសម្បត្តិ និងត្រូវបានផ្ដល់អាជ្ញាប័ណ្ណក្លិបអាជីព ដើម្បីអាចលេងក្នុងពានរង្វាន់ក្លិបអាជីពលំដាប់ទី២ដែលរៀបចំដោយ AFC បាន។
សូមជម្រាបថា ការស្នើសុំអាជ្ញាប័ណ្ណក្លិបអាជីពពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ត្រូវធ្វើឡើងរាល់ឆ្នាំ ពោលគឺមួយឆ្នាំត្រូវស្នើម្ដង ហើយមានកម្រិតខ្ពស់ទាបជាងគ្នារវាងការស្នើដើម្បីលេងពាន AFC Champions League និង AFC Cup។
លក្ខណៈវិនិច្ឆ័យធំៗដែលក្លិបត្រូវបំពេញដើម្បីស្នើសុំ AFC Club Licensing មានដូចជា លក្ខណៈវិនិច្ឆ័យផ្លូវច្បាប់ (Legal criteria), លក្ខណៈវិនិច្ឆ័យរដ្ឋបាល (Administration criteria), លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ (Infrastructure criteria), លក្ខណៈវិនិច្ឆ័យកីឡា (Sporting criteria) ជាដើម ហើយក្នុងលក្ខណៈវិនិច្ឆ័យធំៗទាំងនេះមានចំណុចតូចៗជាច្រើនដែលត្រូវបំពេញ។
ដោយឡែក ក្នុងសេចក្ដីប្រកាសរបស់ AFC ខាងលើ ក៏បានបង្ហាញអំពីក្លិបនៃប្រទេសដទៃមួយចំនួនទៀតក្នុងទ្វីបអាស៊ីដែលទទួលបានអាជ្ញាប័ណ្ណក្លិបអាជីពសម្រាប់លេងពាន AFC Cup 2021។
ក្នុងចំណោមនោះ ឡាវ ស្នើសុំ៤ក្លិប ទទួលបាន២ក្លិបក្នុងលក្ខខណ្ឌព្យួរ, ប្រ៊ុយណេ ស្នើសុំ៥ក្លិប ទទួលបាន៤ក្លិប, បារ៉ែន ស្នើសុំ៨ក្លិប ទទួលបាន៣ក្លិប, បង់ក្លាដែស ស្នើសុំ៦ក្លិប ទទួលបាន៤ក្លិប, ប៊ុយតង់ ស្នើសុំ៨ក្លិប ទទួលបាន៥ក្លិប, ចិនតៃប៉ិ ស្នើសុំ៦ក្លិប ទទួលបាន៤ក្លិប, ហុងកុង ស្នើសុំ៩ក្លិប ទទួលបាន៤ក្លិប, គុយវ៉េត ស្នើសុំ៧ក្លិប ទទួលបាន៥ក្លិប, កៀរស៊ីហ្ស៊ីស្ថាន ស្នើសុំ៧ក្លិប បានទាំង៧ក្លិប, លីបង់ ស្នើសុំ២ក្លិប ទទួលបានទាំង២ក្លិប, ម៉ាកាវ ស្នើសុំ៣ក្លិប ទទួលបាន២ក្លិប, ម៉ាល់ឌីវ ស្នើសុំ៨ក្លិប ទទួលបាន២ក្លិបពេញសិទ្ធិ និង៥ក្លិបក្នុងលក្ខខណ្ឌព្យួរ, ម៉ុងហ្គោល ស្នើសុំ១០ក្លិប ទទួលបាន២ក្លិបពេញសិទ្ធិ និង៥ក្នុងលក្ខខណ្ឌព្យួរ, នេប៉ាល់ ស្នើសុំ១៣ក្លិប មិនទទួលបានទាំងអស់, អូម៉ង់ ស្នើសុំ២ក្លិប ទទួលបានទាំង២ក្លិប, ប៉ាឡេស្ទីន ស្នើសុំ៦ក្លិប ទទួលបាន៤ក្លិប, ស្រីលង្ការ ស្នើសុំ២ក្លិប ទទួលបានទាំង២ក្លិប, តាហ្ស៊ីគីស្ថាន ស្នើសុំ១១ក្លិប ទទួលបាន៣ក្លិប, ទីម័រឡេស្តេ ស្នើសុំ២ក្លិប ទទួលបាន១ក្លិប, តួកមេនីស្ថាន ស្នើសុំ៥ក្លិប ទទួលបានទាំង៥ក្លិប, អ៊ូបេគីស្ថាន ស្នើសុំ១ក្លិប ទទួលបាន១ក្លិប៕