លោក នុត សូនី អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិធ្លាប់ធាក់ស៊ីក្លូ និងលេងល្ខោនរួមវង់នាយកុយ

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

អតីតខ្សែប្រយុទ្ធឆ្នើមក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក នុត សូនី និងបច្ចុប្បន្នជាគ្រូជំនួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រំឭកថា មុនឈានជើងចូលកីឡាបាល់ទាត់ លោកធ្លាប់ចូលរួមសម្ដែងល្ខោនបាសាក់រួមវង់ជាមួយនាយកុយអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០។

កីឡាករដែលទាត់បញ្ចូលទីគ្រាប់ដំបូងគេឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ AFF Cup កាលឆ្នាំ១៩៩៦ បញ្ជាក់ថា ការចាប់យកសិល្បៈបុរាណនេះដោយសារតែការណែនាំពីអ្នកស្គាល់គ្នា និងមិត្តភក្ដិមួយចំនួន បូកផ្សំទាំងចំណង់ចំណូលចិត្តខ្លួនឯងផងនោះ លោកក៏សម្រេចចិត្តសាកល្បងតែម្ដង។

លោកបន្តថា ទទួលបានការងារសម្ដែងហូរហែទាំងជិត ទាំងឆ្ងាយ។ ជាមួយគ្នា លោក នុត សូនី ក៏បានរំឭកពីការធ្វើជាអ្នកធាក់ស៊ីក្លូផងដែរ ដោយសារតែកត្តាជីវភាពលំបាក។ លោកប្រាប់ទាំងក្ដុកក្ដួលថា កាលណោះធាក់ស៊ីក្លូទាំងមិនដឹងពីតម្លៃ ក៏ត្រូវបានអ្នកហៅជិះស្ដីឲ្យថែមទៀត។

គួររំឭកថា លោក នុត សូនី ធ្លាប់ជាកីឡាករបាល់ទាត់ពីចន្លោះឆ្នាំ១៩៨៩ដល់២០០៦ ដោយធ្លាប់លេងនៅក្រុមខណ្ឌ៧មករា, Samart United និងនគរបាលជាតិជាដើម។

សម្រាប់ក្រុមជម្រើសជាតិវិញ លោកជាប់ពីឆ្នាំ១៩៩៣ដល់២០០០ និងជាអ្នកទាត់បញ្ចូលទីគ្រាប់បាល់ដំបូងគេសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍ AFF Cup លើកទី១ កាលឆ្នាំ១៩៩៦។ បុរសវ័យជាង៥០ឆ្នាំរំឭកដែរថា ដោយសារតែបាល់ទាត់នេះហើយទើបធ្វើឲ្យលោកមានឱកាសស្គាល់ប្រទេសគេ និងមានការងារសមរម្យជាមន្ត្រីនគរបាលជាតិមួយរូប៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕