Skip to content
West Brom តែងតាំង Sam Allardyce ជាអ្នកចាត់ការថ្មីជំនួស Billic
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

West Brom តែងតាំង Sam Allardyce ជាអ្នកចាត់ការថ្មីជំនួស Billic

ក្លិប West Brom បានតែងតាំងលោក Sam Allardyce ជាអ្នកចាត់ការថ្មីលើកិច្ចសន្យារយៈពេល១៨ខែ ក្រោយបណ្ដេញលោក Slaven Bilic ពីតំណែង។

លោក Allardyce វ័យ​៦៦​ឆ្នាំ ខានធ្វើការងារដឹកនាំរយៈពេលជិត២ឆ្នាំមកហើយ តាំងពីក្រោយចែកផ្លូវជាមួយ Everton ក្នុងខែឧសភាឆ្នាំ២០១៨មក។

អតីតគ្រូបង្គោលជម្រើសជាតិអង់គ្លេសរយៈពេលខ្លីក្នុងឆ្នាំ២០១៦រូបនេះ មានបទពិសោធដឹកនាំក្លិប Premier League ចំនួន៧រួចមកហើយ ហើយលោកគ្មានប្រវត្តិដឹកនាំក្រុមធ្លាក់ពីលីគកំពូលនោះទេ។

ក្រុមដែលលោកធ្លាប់បង្វឹក មានដូចជា Bolton Wanderers, Newcastle United, Blackburn Rovers, West Ham United, Sunderland, Crystal Palace, Everton ព្រមទាំង Blackpool, Notts County ផងដែរ។

លោក Sammy Lee ក៏មកធ្វើជាជំនួយការលោក Allardyce ជាថ្មីនៅ West Brom ដែរ។ West Brom នេះជាក្លិបដែលលោក Allardyce បានផ្ដើមការងារបង្វឹកលើកដំបូងក្នុងឆ្នាំ១៩៨៩ ក្រោមការដឹកនាំរបស់លោក Brian Talbot។

West Brom ដែលមានថៅកែចិន Guochuan Lai កំពុងស្ថិតក្នុងលេខរៀងទី១៩ក្នុង Premier League មាន៧ពិន្ទុពី១៣ប្រកួតដំបូង។ ម្ចាស់ក្លិបរូបនេះមិនបានដាក់ទុនវិនិយោគលើការនាំចូលកីឡាករថ្មីៗដូចក្លិបជិតខាង Wolverhampton និង Aston Villa នោះទេ។

លោក Allardyce មានស្នាដៃកែប្រែស្ថានការណ៍ក្រុមឱ្យឈរជើងនៅ Premier League ទៀតបានដូចជា ដឹកនាំ Everton ពីលេខ១៣មកបញ្ចប់រដូវកាលក្នុងលេខ៨ ក្នុងឆ្នាំ២០១៨, សង្គ្រោះ Sunderland ពីលេខ១៩មកបញ្ចប់រដូវកាលក្នុងលេខ១៧, ដឹកនាំ Crystal Palace ពីលេខ១៧មកលេខ១៤, ដឹកនាំ Bolton ទៅលេងពានទ្វីបអឹរ៉ុប, ដឹកនាំ West Ham ឡើងពី Championship និងរក្សាវត្តមាននៅ Premier League, ដឹកនាំ Blackburn ងើបផុតពីលេខ១៩ មកបញ្ចប់រដូវកាលក្នុងលេខរៀងទី១៥ ក្នុងឆ្នាំ២០០៨ ហើយរដូវកាលបន្ទាប់នាំ Blackburn បានលេខ១០ក្នុងលីគ ជាដើម។

West Brom សង្ឃឹម​ថា​លោក Allardyce នៅ​តែ​មាន​ស្នៀត​វេទមន្ត​របស់​លោក​ក្នុងការ​សង្គ្រោះ​ក្លិប​កំពុង​យ៉ាប់យ៉ឺន ដើម្បី​រក្សា​វត្តមាន​ក្នុង Premier League បន្ត​ទៀត​៕