Skip to content
ផែនការ៣ឆ្នាំរបស់បាល់ទាត់ចិនត្រូវបរាជ័យ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ផែនការ៣ឆ្នាំរបស់បាល់ទាត់ចិនត្រូវបរាជ័យ

នៅឆ្នាំ ២០១៧ សហព័ន្ធបាល់ទាត់ចិន (CFA) បានកំណត់គោលដៅចំនួន៦សម្រាប់ក្រុម តែត្រូវបរាជ័យទាំងអស់ បើគិតពីពេលនោះមកដល់ជិតដាច់ឆ្នាំ២០២០នេះ។

យោងតាមសារព័ត៌មានចិន Sina គឺ CFA បានដាក់ចេញនូវផែនការសកម្មភាព ២០២០ ដោយមាន៦គោលដៅសម្រាប់ក្រុម។ គោលដៅទាំងនោះ ក្រុមជម្រើសជាតិចិនត្រូវតែចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ,ជាប់ចំណាត់ថ្នាក់កំពូលទាំង ៧០ លើពិភពលោកនៅចុងឆ្នាំ ២០២០។

ទន្ទឹមនឹងនោះក្រុម U23 ចិនត្រូវចូលក្នុងចំណោមក្រុមខ្លាំងទាំង៤ក្នុងជុំផ្តាច់ព្រ័ត្រ Asian U23 និងយកឲ្យបានសំបុត្រទៅអូឡាំពិកក្រុងតូក្យូ។

ក្រុមយុវជន U17 និង U19 ត្រូវតែឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអាស៊ី និងឡើងដល់ការប្រកួត World Cup (សម្រាប់ U17 និង U19)។

ទោះយ៉ាងណាក្រុមបាល់ទាត់ចិនមិនបានបំពេញគោលដៅណាមួយឡើយ។ ក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០១៩ ក្រុមចិនក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Marcello Lippi បានធ្លាក់នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្របន្ទាប់ពីចាញ់អ៊ីរ៉ង់។

បន្ទាប់ពីនោះ ក្រុមជម្រើសជាតិចិនលេងបានលទ្ធផលមិនសូវគាប់ចិត្តឡើយក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ នៅអាស៊ី។ ក្រុមចិនឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល A មាន ៧ ពិន្ទុ ក្រោមក្រុមកំពូលតារាងស៊ីរី ៨ពិន្ទុ។ លទ្ធផលមិនល្អធ្វើឲ្យក្រុមនេះបញ្ចប់កាលវិភាគឆ្នាំ ២០២០ នៅចំណាត់ថ្នាក់ទី៧៥លើពិភពលោក និងទី៩នៅអាស៊ី។

ក្រុម U23 ចិនទទួលបានលទ្ធផលល្អប្រសើរជាងក្រុមធំ។ ក្នុងជុំចុងក្រោយ AFC Championship U23 ឆ្នាំ ២០១៨ នៅឯផ្ទះប្រទេសចិនបានធ្លាក់នៅវគ្គចែកពូលដោយឈ្នះមួយ និងចាញ់២។

ចំពោះការប្រកួត AFC U23 Championship ជុំវគ្គផ្ដាច់ព្រ័ត្រ ២០២០ ធ្វើឡើងនៅប្រទេសថៃកីឡាករចិនចាញ់ ៣ ប្រកួតហើយមិនបានរកគ្រាប់បាល់អ្វីឡើយ។ នេះគឺជាលទ្ធផលអាក្រក់បំផុតរបស់ U23 ចិន ក្នុងការប្រកួតវគ្គចុងក្រោយ AFC U23 Championship ។

ក្រុមយុវជនទាំង ២ គឺ U19 និង U17 ក៏ទទួលបានលទ្ធផលមិនល្អដែរ។ ក្រុម U19 មិនបានឆ្លងផុតវគ្គចែកពូលនោះទេ (AFC U19 Championship) ខណៈក្រុម U17 មិនបានឆ្លងផុតវគ្គជម្រុះអាស៊ី (AFC U17 Championship Qualification)។

Sina បាននិយាយថាផែនការ ៣ ឆ្នាំនៃបាល់ទាត់ចិនត្រូវបានបរាជ័យទាំងស្រុង។ ផែនការត្រូវបានកំណត់ខ្ពស់ពេកបើប្រៀបធៀបទៅនឹងសមត្ថភាពបាល់ទាត់ចិនបច្ចុប្បន្ន។ ក្រុមជម្រើសជាតិកំពុងផ្តោតការខិតខំប្រឹងប្រែងទាំងអស់ដើម្បីឆ្លងផុតវគ្គជម្រុះជុំទី២នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។

នៅថ្ងៃទី១៦ ខែធ្នូ សហព័ន្ធបាល់ទាត់ចិនបានស្នើកំណត់ប្រាក់ខែអតិបរិមា៣លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់កីឡាករបរទេសលេងនៅលីគចិន។ CFA បានរកឃើញថាកីឡាករក្នុងស្រុកមិនបានរៀនសូត្រច្រើនពីកីឡាករបរទេសទេ តែមានតែធ្លាក់ចុះទៅវិញ។

ស្ថាប័នព័ត៌មាន Sina បាននិយាយថា CFA ត្រូវការកំណត់គោលដៅរយៈពេលវែងដោយផ្តោតលើការបណ្តុះបណ្តាលយុវជនក្នុងរយៈពេល ១០-៣០ ឆ្នាំខាងមុខ៕