Lionel Messi បានស៊ុតប៉េណាលទី ឱ្យ Barcelona នៅម៉ោងបន្ថែមវគ្គទី១ ក្នុងជំនួបទល់នឹង Valencia ដែលធ្វើឱ្យ ខ្សែប្រយុទ្ធអាហ្សង់ទីន តាមស្មើកំណត់ត្រារបស់វីរបុរសប្រេស៊ីល Pele ក្នុងការរកគ្រាប់បាល់ច្រើនគ្រាប់បំផុតឱ្យក្លិបតែមួយ។
បច្ចុប្បន្ន Messi មានគ្រាប់បាល់៦៤៣គ្រាប់សម្រាប់ Barcelona ដែលស្មើនឹងចំនួនគ្រាប់បាល់ដែល Pele មានកាលប្រកបអាជីពនៅក្លិបប្រេស៊ីល Santos។
ពួកគាត់ទាំងពីរត្រូវបានចាត់ទុកថា ជាកីឡាករលេខ១០ល្អបំផុតកម្រមាន ហើយបើតាមការចុះផ្សាយរបស់វេបសាយ MARCA បានបង្ហាញរឿង១០យ៉ាងដែលវីរបុរសទាំងពីរ មានភាពប្រហាក់ប្រហែលគ្នា។
១. គ្រាប់បាល់សម្រាប់ក្លិបតែមួយ
Pele រកបាន៦៤៣គ្រាប់នៅ Santos ខណៈ Messi ធ្វើបានចំនួនដូចគ្នានៅ Barcelona។
២. វត្តមាននៅកីឡដ្ឋាន Camp Nou
ក្នុងនាមជាកីឡាកររបស់ Barcelona, Messi តែងបង្ហាញវត្តមានជាប្រចាំ សម្រាប់ការប្រកួតនៅកីឡដ្ឋាន Camp Nou។ Pele ក៏ធ្លាប់លេងនៅទឹកដីរបស់ក្លិបអេស្ប៉ាញមួយនេះ ៣លើក និង រកគ្រាប់បាល់បាន២គ្រាប់នៅទីនោះ។
៣. ម្ចាស់អាវលេខ១០
Pele ពាក់អាវលេខ១០ ពេញមួយអាជីពរបស់លោក ជាមួយក្លិប Santos និង New York Cosmos។ Messi ចាប់ផ្ដើមអាជីពជាមួយអាវលេខ៣០ ហើយក្រោយមកបានប្ដូរមកលេខ១៩ មុនពេលពាក់លេខ១០ ពីរដូវកាល២០០៨-០៩ នៅ Barcelona។
៤. បង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតមិត្តភាព
កីឡាករទាំងពីររូបបានចូលលេងឱ្យក្រុមឈុតធំលើកដំបូងនៅក្នុងជំនួបមិត្តភាព។ នៅឆ្នាំ១៩៥៦ Pele បង្ហាញខ្លួនដំបូងជាផ្លូវការជាមួយក្លិប Santos ពេលប្រកួតទល់នឹង Corinthians នៅក្នុងវ័យ១៥ឆ្នាំ។ Messi ចូលលេងលើកដំបូងសម្រាប់ឈុតធំ ក្នុងជំនួបមិត្តភាពទល់នឹង Porto នាឆ្នាំ២០០៣ ដែលកាលនោះ ខ្សែប្រយុទ្ធអាហ្សង់ទីន ទើបតែមានវ័យ១៦ឆ្នាំប៉ុណ្ណោះ។
៥. ស្ថិតិរកគ្រាប់បាល់ពិសេស
Pele រកគ្រាប់បាល់បាន ៧៥៧គ្រាប់ ពី៧៨៦ប្រកួត (ជាមធ្យម ០,៩៣គ្រាប់ក្នុងមួយប្រកួត) ខណៈ Messi ធ្វើបានជាមធ្យម ០,៧៩គ្រាប់ក្នុងមួយប្រកួត។
៦. ឈ្នះពានបុគ្គលដូចគ្នា
អ្នកទាំងពីរឈ្នះពានសម្រាប់ក្លិប និង ពានសម្រាប់បុគ្គលជាច្រើន។ Pele ឈ្នះពានបាល់មាសនៅក្នុងឆ្នាំ១៩៧០ ហើយ Messi ឈ្នះពាននេះ នៅឆ្នាំ២០១៤ ក្រោយជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup នៅប្រទេសប្រេស៊ីល។ ទី២គឺ អ្នកទាំងពីរជាបេក្ខភាព បុគ្គលសំខាន់បំផុតប្រចាំសតវត្សរ៍ របស់ទស្សនាវដ្ដី Time។ Pele ឈរនៅកំពូលតារាងនៃបញ្ជីនេះ នៅឆ្នាំ១៩៩៩ ខណៈ Messi ក៏ជាប់នៅជម្រើសកំពូលតារាងផងដែរ នៅឆ្នាំ២០១២។
៧. ជាកីឡាករក្មេងបំផុត ដែលរកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួននៅ World Cup
តារាឆ្នើមទាំងពីររូប ជាកីឡាករដែលមានអាយុតិចបំផុត ក្នុងការរកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួននៅព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup។ Pele រកគ្រាប់បាល់ដំបូងឱ្យក្រុមជម្រើសជាតិប្រេស៊ីល នៅអាយុ១៦ឆ្នាំ និង ២៥៩ថ្ងៃ។ Messi ទាត់ចូលទីដំបូងឱ្យក្រុមអាហ្សង់ទីន នៅអាយ១៨ឆ្នាំនិង ៣៥៧ថ្ងៃ។
៨. មានកម្ពស់ប្រហាក់ប្រហែលគ្នា
ទោះកើតមកមានមាឌតូចល្អិត ប៉ុន្ដែ Pele និង Messi បានបង្កការលំបាកដល់គូប្រកួតដែលមានមាឌធំ និង កំពស់ខ្ពស់។ Pele មានកម្ពស់១,៧៣ម៉ែត្រ កាលនៅជាកីឡាករ ហើយ Messi មានកម្ពស់ ១,៧០ម៉ែត្រ។
៩. ពានរង្វាន់ពីរដ្ឋាភិបាល
ជោគជ័យដ៏វិសេសវិសាលនៅក្នុងអាជីពរបស់ពួកគាត់ ក៏បានការទទួលស្គាល់ពីរដ្ឋាភិបាលផងដែរ។ នៅឆ្នាំ១៩៩២ Pele ទទួលបានពាន National Order of Merit ពីរដ្ឋាភិបាលប្រេស៊ីល។ នៅឆ្នាំ២០១៩ Messi ទទួលបានពានរង្វាន់កិត្ដិយស St George’s Cross ពីរដ្ឋាភិបាល កាតាឡូញ៉ា។
១០. មានគ្រាប់បាល់ច្រើនបំផុតនៅអាមេរិកឡាទីន
នៅអាមេរិកឡាទីន Pele មានគ្រាប់បាល់ច្រើនបំផុត៧៧គ្រាប់ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ខណៈ Messi រកបាន៧១គ្រាប់ឱ្យក្រុមអាហ្សង់ទីន៕