Chelsea ទទួលបានជ័យជម្នះឡើងវិញ ដោយយកឈ្នះ West Ham United ក្នុងលទ្ធផល ៣-០ បន្ទាប់ពីបរាជ័យ២ប្រកួតជាប់គ្នានៅ Premier League ទល់ Everton(១-០) និង Wolverhampton Wanderers(២-១)។
ខ្សែការពារពោរពេញដោយបទពិសោធ Thiago Silva បានតែតបញ្ចូលទីគ្រាប់បាល់បើកឆាកឱ្យ Chelsea នៅនាទីទី ១០ ហើយ ខ្សែប្រយុទ្ធ Tammy Abraham រកបានពីរគ្រាប់នៅនាទីទី ៧៨ និង ៨០ ដែលធានាបាន៣ពិន្ទុជូនក្រុមដែលបង្វឹកដោយលោក Frank Lampard ឡើងមកកាន់លេខ៥ក្នុងតារាង លីគកំពូលអង់គ្លេស។
ខាងក្រោមនេះជាកំណត់ត្រាដែលកើតចេញពីការប្រកួត រវាង Chelsea v. West Ham៖
- Chelsea បរាជ័យតែម្ដងប៉ុណ្ណោះ ក្នុងចំណោម១៣ប្រកួតនៅទឹកដីរបស់ខ្លួន ក្នុងក្របខណ្ឌ Premier League ដោយទទួលបានជ័យជម្នះ ១០លើក និង ស្មើ២លើក។
- West Ham មិនអាចរកគ្រាប់បាល់ជាលើកដំបូង នៅប្រកួតក្រៅទឹកដី ១០លើកចុងក្រោយនៅក្នុងលីគ ហើយក្នុងចំណោម១០ប្រកួតនោះ ពួកគេបរាជ័យតែ៣ដងប៉ុណ្ណោះ។
- Chelsea អាចរកគ្រាប់បាល់ពីការបញ្ជូនបាល់ជ្រុងច្រើនបំផុត(៨គ្រាប់) នៅ Premier League រដូវកាលនេះ។
- David Moyes មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ពី១៦ប្រកួតដែលលោកដឹកនាំក្រុមលេងនៅកីឡដ្ឋាន Stamford Bridge ជាកំណត់ត្រាអ្នកចាត់ការដែលដឹកនាំក្រុមមិនឈ្នះច្រើនប្រកួតបំផុតនៅមួយកីឡដ្ឋាន ហើយស្មើនឹងកំណត់ត្រាមិនឈ្នះរបស់លោកខ្លួនឯងផ្ទាល់ សម្រាប់ការដឹកនាំក្រុមទៅលេងនៅទឹកដី Anfield របស់ក្លិប Liverpool។
- Mason Mount បង្ហាញវត្តមាន៥០ប្រកួតនៅ Premier League ឱ្យ Chelsea កាលពីយប់មិញ ធ្វើឱ្យគេក្លាយជាកីឡាករអង់គ្លេសវ័យក្មេងបំផុតទី២ (២១ឆ្នាំ និង ៣៤៦ថ្ងៃ) ដែលឈានដល់កំណត់ត្រាគោលដៅនេះសម្រាប់ក្លិបតោខៀវ បន្ទាប់ពីអតីតខ្សែការពារ John Terry ដែលលេងបាន៥០ប្រកួត នៅក្នុងវ័យ ២១ឆ្នាំ និង ៣៦ថ្ងៃ ។
- Abraham រកគ្រាប់បាល់បាន២៥គ្រាប់សម្រាប់ Chelsea តាំងពីចាប់ផ្ដើមរដូវកាលមុន ជាចំនួនគ្រាប់បាល់ច្រើនបំផុតក្នុងចំណោមកីឡាករនៅក្នុងក្រុម Chelsea បច្ចុប្បន្ន។
- Timo Werner មិនអាចរកគ្រាប់បាល់ពីការចូលលេងនៅជម្រើស១១នាក់ដំបូង៧លើកជាប់គ្នាឱ្យ Chelsea ជាកំណត់ត្រាច្រើនប្រកួតបំផុត ក្នុងការប្រកួតឱ្យក្លិប ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦មក ដែលកាលនោះគេមិនអាចរកគ្រាប់បាល់បាន៩ប្រកួតជាប់គ្នា ក្នុងជម្រើសដំបូងរបស់ក្រុម Stutggart និង RB Leipzig៕