ក្រុមការពារតំណែងជើងឯក Manchester City នឹងធ្វើដំណើរទៅប្រកួតទល់នឹង Manchester United ខណៈ Tottenham Hotspur នឹងធ្វើជាម្ចាស់ផ្ទះទទួល ក្រុមមកពីក្របខណ្ឌ Championship(លីគទី២អង់គ្លេស) Brentford នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup ។
ខុសប្លែកពីរាល់ឆ្នាំ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ធ្វើឡើងតែមួយជើងប៉ុណ្ណោះ ដើម្បីសម្រួលការកកស្ទះកាលវិភាគប្រកួត ដែលត្រូវបានពន្យារពេលនៅដើមរដូវកាល។
Man City បានឆ្លងផុតវគ្គ១/៤ផ្ដាច់ព្រ័ត្រក្រោយបំបាក់ Arsenal ៤-១ កាលពីរាត្រីថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយពួកគេត្រូវតតាំងជាមួយគូប្រជែងដ៏ជូចត់រួមទីក្រុង Manchester គឺក្រុមបិសាចក្រហម ដែលទើបយកឈ្នះ Everton ដល់ក្នុងទឹកដី កាលពីយប់ថ្ងៃពុធ ដោយលទ្ធផល ២-០។
ដោយឡែក ក្រុមមាន់ខ្នាយមាស ដែលបង្វឹកដោយលោក Jose Mourinho បានយកឈ្នះ Stoke City ៣-១ នៅថ្ងៃពុធ និងឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ ហើយការប្រកួតរវាងពួកគេ ជាមួយ Brentford គឺជាជំនួបលើកដំបូងរវាងក្រុមទាំងពីរ ចាប់តាំងពីឆ្នាំ២០០០មក។ Brentford ទទួលជ័យជម្នះលើ Newcastle United ១-០ នៅវគ្គ៨ក្រុម ទើបមានឱកាសឡើងមកជួបជាមួយ Spurs។
ការប្រកួតទាំងពីរគូខាងលើ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ប៉ុន្ដែម៉ោងប្រកួតពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ហើយការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ EFL League Cup 2020-21 ដែលដើមឡើយបានកំណត់ធ្វើនៅថ្ងៃទី ២៨ ខែកុម្ភៈ បានប្ដូរទៅប្រកួតនៅថ្ងៃទី២៥ ខែមេសា វិញ ដើម្បីអាចឱ្យមានអ្នកគាំទ្រច្រើន ចូលរួមទស្សនាតាមដែលអាចធ្វើទៅបាន៕