វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់សកលកម្រិតមូលដ្ឋានរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាតាំងពីថ្ងៃទី០១ ខែកញ្ញា មកនោះបានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សិក្ខាកាមទាំង៣៥រូបមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាបានទទួលការបណ្ដុះបណ្ដាលពីលោក Russell Stutely គ្រូឧទ្ទេសជនជាតិអង់គ្លេស ហើយក្រោយបញ្ចប់ការសិក្សាទាំងស្រុង សិក្ខាទាំងអស់ក៏ត្រូវបានប្រគល់សញ្ញាបត្របញ្ជាក់ពីសហព័ន្ធកីឡាប្រដាល់កម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក Russell Stutely បានបង្ហាញអារម្មណ៍រីករាយដែលបានមកចែករំលែកបទពិសោធក្នុងកម្មវិធីនេះ។ លោកបានសរសើរសិក្ខាកាមទាំងអស់ដែលបានបង្ហាញពីការយកចិត្តទុកដាក់រៀនសូត្រយ៉ាងពេញទំហឹង និងរួសរាយរាក់ដល់រូបលោក។
ជាមួយគ្នានេះលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានចាត់ទុកសិក្ខាសាលាបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីពង្រឹងសមត្ថភាពធនធានគ្រូបង្វឹក និងកីឡាករប្រដាល់សកលនៅកម្ពុជាកាន់តែប្រសើរ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជាក់ថា លោក Russell Stutely ដែលជាអ្នកជំនាញបង្វឹកកីឡាប្រដាល់សកលលំដាប់អន្តរជាតិបានបង្ហាត់បង្រៀនពីបច្ចេកទេសបង្វឹកសិស្ស ទាំងទ្រឹស្តី និងអនុវត្តន៍។ ចំណែកលោកសាស្ត្រាចារ្យ ឆឹង យ៉ៅយ៉េន ដែលជាប្រធានសហព័ន្ធវិញ បានបង្រៀនពីក្រមសីលធម៌កីឡាករគ្រូបង្វឹក ស្របពេលលោកវេជ្ជបណ្ឌិត មាស វុឌ្ឍី អនុប្រធានសហព័ន្ធបានចែករំលែកពីមេរៀនអាហារូបត្ថម្ភ និងរបបអាហារសម្រាប់កីឡាករ។
នេះជាលើកទីពីរហើយដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលកាលពីលើកទីមួយនៅឆ្នាំ២០១៩ មានការចូលរួមពីគ្រូឧទ្ទេសជាជនជាតិខ្មែរ៕