Jesse Lingard រកគ្រាប់បាល់បាន២គ្រាប់ជួយ West Ham United យកឈ្នះ Aston Villa ដោយលទ្ធផល ១-៣ ក្នុងការប្រកួត Premier League នៅយប់ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ខ្សែបម្រើ Tomas Soucek រកគ្រាប់បាល់នាំមុខសម្រាប់ក្រុមភ្ញៀវ West Ham នៅកីឡដ្ឋាន VillaPark នៅនាទីទី៥១។
Lingard បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងជាលើកទី១នៅ Premier League ក្រោយខកខានអស់ពេលជាង១៣ខែ ដោយរកគ្រាប់បាល់ដំបូងរបស់ខ្លួនឱ្យក្រុមថ្មី នៅនាទីទី៥៦។
ហើយកីឡាករវ័យ២៨ឆ្នាំរូបនេះ រកបានមួយគ្រាប់បន្ថែមទៀតនៅនាទីទី៨៣ បន្ទាប់ពីអ្នកចាំទី Emiliano Martinez សង្គ្រោះបាល់ពីការស៊ុតរបស់គេមិនបានល្អ បន្ទាប់ពី Ollie Watkins ស៊ុតចូលមួយគ្រាប់ឱ្យ Aston Villa នៅនាទី៨១។
ក្រោយចប់ការប្រកួត Lingard បាននិយាយថា៖ “ខ្ញុំបានចាប់ផ្ដើមការប្រកួតនៅយប់នេះ, រកបានពីរគ្រាប់ ហើយទទួលបានបីពិន្ទុ។ ខ្ញុំញញឺមមុនការប្រកួត និងពេលកំពុងលេង, ខ្ញុំរីករាយនឹងការលេងបាល់។ វាយូរដែរហើយដែលខ្ញុំខានលេង, ខ្ញុំមកទីនេះ ដើម្បីបានចូលរួមប្រកួត ហើយស៊ុតចូល២គ្រាប់ ប៉ុន្ដែដូចអ្វីដែលខ្ញុំបាននិយាយអ៊ីចឹង ការទទួលបាន៣ពិន្ទុគឺជារឿងដ៏សំខាន់បំផុត”។
ស្ថិតិនៃការប្រកួតនេះ៖
- អ្នកចាត់ការ West Ham លោក David Moyes ដឹកនាំក្រុមទទួលជ័យជម្នះក្រៅទឹកដី ៣ប្រកួតជាប់គ្នានៅ Premier League ដែលនេះជាកំណត់ត្រាឈ្នះបន្ដបន្ទាប់ចាប់ពីប្រកួតបីឡើងទៅជាលើកដំបូងចាប់តាំងពីខែមេសា ឆ្នាំ២០១៤ នៅពេលដែលលោកកាលនោះដឹកនាំ Manchester United ឈ្នះ៤ប្រកួតជាប់គ្នា។
- West Ham ទទួលបាន៣៨ពិន្ទុពីការលេង២២ប្រកួតនៅ Premier League រដូវកាលនេះ ដែលជាចំនួនពិន្ទុច្រើនបំផុត ក្នុងដំណាក់កាលនេះក្នុងលីគកំពូលអង់គ្លេស តាំងពីរដូវកាល ១៩៨៥-៨៦ មកដោយពួកគេទទួលបាន ៤៥ពិន្ទុពី២២ប្រកួត ហើយឈរនៅលេខ៣ក្នុងតារាងពេលចប់រដូវកាលនោះ។
- Aston Villa បរាជ័យពីរប្រកួតជាប់គ្នានៅ Premier League ទល់នឹង West Ham ជាលើកដំបូង ចាប់តាំងពីខែមករា ឆ្នាំ២០០៦ មក។
- កីឡាករ Tomas Soucek រកគ្រាប់បាល់បាន៨គ្រាប់នៅ Premier League ឱ្យ West Ham នៅរដូវកាលនេះ ដោយមិនគិតគ្រាប់បាល់ស៊ុតប៉េណាល់ទី មានន័យថាគេជាកីឡាករដែលលេងនៅតំបន់បម្រើ អាចរកគ្រាប់បាល់បានច្រើនបំផុត។ Jesse Lingard ជាកីឡាករទី២ ដែលអាចរកបាន២គ្រាប់ ពីការបង្ហាញខ្លួនលើកដំបូងឱ្យ West Ham បន្ទាប់ពី Trevor Sinclair ដែលលេងទល់នឹង Everton កាលពីខែមករា ឆ្នាំ១៩៩៨។
ដោយឡែកក្រុមការពារតំណែងជើងឯក Liverpool បរាជ័យលើកទី២ក្នុងទឹកដីរបស់ខ្លួននៅ Premier League រដូវកាលនេះ ក្រោមថ្វីជើង Brighton ដោយលទ្ធផល ០-១។
កីឡាករ Steven Alzate រកគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់ឱ្យក្រុមភ្ញៀវ Brighton ដែលពុំទាន់ស្គាល់ពាក្យថាចាញ់៤ប្រកួតជាប់គ្នានៅ Premier League ខណៈក្រុមហង្សក្រហមបន្ដស្ថិតិមិនល្អនៅក្នុងទឹកដីខ្លួនឯង។
បច្ចុប្បន្ន Liverpool មានគម្លាត៧ពិន្ទុពីក្រុមកំពូលតារាង Manchester City ដែលសល់មួយប្រកួតក្នុងដៃ ហើយក្រុមរបស់លោក Jurgen Klopp មិនទាន់ស្គាល់ពាក្យថាឈ្នះទេ នៅក្នុងទឹកដីខ្លួន ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូមក ហើយមិនអាចរកគ្រាប់បាល់៣ប្រកួតជាប់គ្នានៅ Anfield ជាលើកដំបូងតាំងពីឆ្នាំ១៩៨៤។ គួរបញ្ជាក់ថា Liverpool បានរក្សាកំណត់ត្រាមិនបរាជ័យនៅក្នុងទឹកដីរបស់ខ្លួនបានជាង៤ឆ្នាំនៅ Premier League ប៉ុន្ដែពួកគេបរាជ័យទល់នឹង Burnley និង Brighton ជាបន្ដបន្ទាប់។
កំណត់ត្រានិងស្ថិតិការប្រកួតនេះ៖
- ក្រោយរក្សាកំណត់ត្រាមិនបរាជ័យ៦៨ប្រកួតជាប់គ្នានៅ Premier League ក្រុមហង្សក្រហមចាញ់ក្នុងទឹកដីរបស់ខ្លួនពីរដងជាប់គ្នាជាលើកដំបូង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១២មក។
- Brighton យកឈ្នះ Liverpool ជាលើកដំបូង ក្នុងចំណោមការប្រកួតតទល់គ្នា១៣ប្រកួត ហើយជ័យជម្នះកន្លងមកពួកគេធ្លាប់ធ្វើបានកាលពីឆ្នាំ ១៩៨៤ ក្នុងជំនួប FA Cup ដែលទទួលជ័យជម្នះ ២-០។
- Brighton ទទួលជ័យជម្នះ៣លើក ក្នុងចំណោម៤ប្រកួតចុងក្រោយ ដែលស្មើនឹងជ័យជម្នះពួកគេធ្លាប់ធ្វើបាន ក្នុងចំណោម២៣ប្រកួតកន្លងមក ហើយនេះជាលើកដំបូងដែលពួកគេឈ្នះការប្រកួតជាប់ៗគ្នា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។
- Brighton របូតគ្រាប់បាល់តែ១០គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម១១ប្រកួត ដែលមានវត្តមានអ្នកចាំទី Robert Sanchez នៅរដូវកាលនេះដោយគេអាចរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ ៥លើក។