ដំណឹងល្អសម្រាប់ Fan! Man Utd ព្រមព្រៀង២ចំណុចហើយលើការផ្ទេរ Sancho ពី Dortmund នៅខ្វះតែ…

0 នាទីអាន
- Advertisement -

ដំណើរការចរចារបស់ Manchester United ដើម្បីផ្ទេរយក Jadon Sancho មក Old Trafford មានភាពរីកចម្រើនបោះជំហានទៅមុខមួយកម្រិតទៀតហើយ ក្រោយពួកគេបានឯកភាពលើប្រាក់ឈ្នួលប្រចាំសប្ដាហ៍និងកម្រៃជើងសារសម្រាប់ភ្នាក់ងារកីឡាករ។

ប៉ុន្តែមកទល់ពេលនេះ ភាគីក្លិបនិងក្លិបនៅមិនទាន់ត្រូវរ៉ូវគ្នាលើតម្លៃផ្ទេរនៅឡើយទេ ហើយក៏គ្មានការធានាអះអាងដែរថាកិច្ចព្រមព្រៀងមួយអាចកើតមានឡើងនៅមុនថ្ងៃបិទទីផ្សារដោះដូរនាថ្ងៃទី៥ខែតុលាឆ្នាំ២០២០។

BBC រាយការណ៍ថាប្រភពជិតស្និទ្ធនឹងក្លិប Borussia Dortmund បាននិយាយថាក្លិបយក្សអាល្លឺម៉ង់មួយនេះប្រកាន់ជំហររឹងត្អឹងដោយទារថ្លៃផ្ទេរជាង១០០លានផោន។

ទន្ទឹមនឹងនេះ មានការលើកឡើងមួយថា Dortmund មុខតែជាត្រូវលក់ Sancho ចេញ ដូច្នេះពួកគេអាចបន្ទន់ឥរិយាបថនៅពេលថ្ងៃបិទទីផ្សារខិតជិតដល់។ ស្របគ្នានេះ Man Utd ក៏ត្រៀមជម្រើសផ្សេងជំនួសដែរ ប្រសិនមិនអាចយក Sancho បានក្នុងតម្លៃដែលពួកគេផ្ដល់ឱ្យទេនោះ។

សប្ដាហ៍មុន Man Utd បានប្រកាសអំពីសមាជិកថ្មីទី១ក្នុងរដូវក្ដៅនេះគឺខ្សែបម្រើជម្រើសជាតិហុល្លង់ Donny van de Beek ផ្លាស់មកពី Ajax ក្នុងតម្លៃ៣៥លានផោន៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕