កីឡដ្ឋានដ៏ល្បីល្បាញជាប្រវត្តិសាស្ត្ររបស់ប្រេស៊ីល Maracana នឹងត្រូវបានប្ដូរឈ្មោះទៅជា Pele វិញ ដើម្បីជាការដឹងគុណចំពោះវីរបុរសបាល់ទាត់រូបនេះ។
ការសម្រេចនេះត្រូវបានធ្វើឡើងយោងតាមការបោះឆ្នោតដោយសភារដ្ឋ Rio de Janeiro ដើម្បីផ្លាស់ប្ដូរឈ្មោះកីឡដ្ឋានដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៥០មកមួយនេះ។ ឈ្មោះថ្មីនៃកីឡដ្ឋាន Maracana គឺ Rei Pele។ Rei ជាភាសាព័រទុយហ្គាល់ មានន័យថា«ស្ដេច»។
Edson Arantes do Nascimento ជាឈ្មោះពេញរបស់លោក Pele សព្វថ្ងៃមានវ័យ៨០ឆ្នាំ។
អភិបាលរដ្ឋ Rio de Janeiro ត្រូវអនុម័តសេចក្ដីស្នើនោះសិន មុនការប្ដូរឈ្មោះត្រូវបានអនុវត្តជាផ្លូវការ។
សូមជម្រាបថា លោក Pele បានឈ្នះជើងឯក FIFA World Cup ៣ដងក្នុងនាមជាកីឡាករប្រេស៊ីល។ លោករកបានគ្រាប់បាល់ទី១០០០របស់លោកនៅកីឡដ្ឋាននេះក្នុងឆ្នាំ១៩៦៩ ពេលលេងឱ្យ Santos ទល់នឹង Vasco da Gama។
កីឡដ្ឋាន Maracana ដែលត្រូវបានបុកគ្រឹះសាងសង់ក្នុងឆ្នាំ១៩៤៨ បានទទួលការប្រកួតផ្ដាច់ព្រ័ត្រ FIFA World Cup 1950 និង 2014 ព្រមទាំងជាទីបើកព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ២០១៦ផងដែរ។
ទស្សនិកជនជាង២០០,០០០នាក់ត្រូវបានរាយការណ៍ថាបានចូលទស្សនាការប្រកួតផ្ដាច់ព្រ័ត្រ World Cup 1950 ដែល ប្រេស៊ីល ចាញ់ អ៊ុយរុយហ្គាយ ១-២ ខណៈចំណុះផ្លូវការនៃកីឡដ្ឋាននេះគឺ៧៨,៨៣៨នាក់។
សូមរំឭកថា ក្រោយសាងសង់រួចដំបូងភ្លាម កីឡដ្ឋាននេះមានឈ្មោះថា Mario Filho ដែលជាអ្នកសារព័ត៌មានដែលបានឡប់ប៊ីឱ្យមានការកសាងកីឡដ្ឋាននេះឡើងក្នុងចុងទសវត្សរ៍១៩៤០ ប៉ុន្តែក្រោយមកត្រូវបានហៅថា Maracana វិញដែលជាឈ្មោះតំបន់ដែលស្តាតនេះស្ថិតនៅ៕