ភ្នំពេញ៖ ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបំពាក់កៅអីសម្រេចបានជាង១២,០០០កៅអី គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅពេលនេះ កំពុងបន្តការសាងសង់ដោយរលូនជាប្រក្រតី ដោយអាចនឹងបញ្ចប់ការសាងសង់នេះនាអំឡុងចុងខែឧសភា ឆ្នាំ២០២១។
ពេលនេះ ការបំពាក់កៅអីអង្គុយ សម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង១២,០០០កៅអីហើយ គឺនៅសល់តែជាង៤០,០០០កៅអីទៀតប៉ុណ្ណោះ ដោយក្នុង១ថ្ងៃៗ ការបំពាក់កៅអី សម្រេចបានប្រមាណ៨០០កៅអី ហើយនឹងអាចរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១។ ចំពោះការដាំស្មៅលើទីលានបាល់ទាត់ គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់អត្តពលកម្មអមជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការរៀបចំតុបតែងនានា កំពុងពន្លឿនឲ្យបានឆាប់រហ័សផងដែរ។
លោកអគ្គលេខាធិការបន្ថែមថា ខាងភាគីចិនកំពុងពន្លឿនផែនការសាងសង់នេះឲ្យបានឆាប់រហ័ស ដោយទាំងវិស្វករ កម្មករចិន-ខ្មែរទាំងអស់ ត្រូវបានអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យចេញចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡដ្ឋានធំនេះ ស្នាក់នៅ ហូបចុក នៅទីនេះតែម្តង។ នេះគឺជាដំណើរការវឌ្ឍនភាពការងារនៃការងារសាងសង់ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកន្លែងប្រកួតកីឡាមួយភាគធំនៅទៅនោះដែរ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួន៕