កីឡាករ Hal Robson-Kanu, Robbi Matondo និង Tyler Roberts ត្រូវបានដកចេញពីបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ បន្ទាប់ពីពួកគេបានល្មើសវិន័យ។
សហព័ន្ធកីឡាបាល់ទាត់វេលស៍ (FAW) មិនបញ្ជាក់លម្អិតពីលក្ខណៈនៃការល្មើសនោះទេ។ FAW គ្រាន់តែនិយាយខ្លីថា៖ «កីឡាករ៣នាក់នឹងត្រលប់ទៅក្លិបរបស់ពួកគេវិញរៀងៗខ្លួនរសៀលនេះ។ FAW នឹងមិនអធិប្បាយអ្វីលើសពីនេះឡើយ»។
Roberts វ័យ២២ឆ្នាំ ដែលជាខ្សែប្រយុទ្ធក្លិប Leeds United បានសូមទោសក្រុម មន្ត្រីក្រុម និងអ្នកគាំទ្រវេលស៍ ចំពោះកំហុសនេះ និងនិយាយថាគេមិនគួរមកដល់សណ្ឋាគារហួសម៉ោងកំណត់ឡើយ។
Matondo វ័យ២០ឆ្នាំ ជាខ្សែប្រយុទ្ធស្លាប របស់ក្លិប Schalke និងកំពុងលេងឱ្យ Stoke City លើកិច្ចសន្យាខ្ចី។ ចំណែកខ្សែប្រយុទ្ធ Robson-Kanu វ័យ៣១ឆ្នាំជាសមាជិក West Brom។
មែនទែនទៅ កីឡាករ៣នាក់ខាងលើមិនមែនជាកីឡាករជម្រើស១១នាក់ដំបូងរបស់វេលស៍ទេ ប៉ុន្តែអាចប្ដូរចូលលេង ដូចកាលប្រកួតមិត្តភាពទល់ ម៉ិកស៊ីកូ ថ្ងៃសៅរ៍មុន ដែល វេលស៍ ឈ្នះ១-០
វេលស៍កំពុងត្រៀមលក្ខណៈដើម្បីប្រកួតជម្រុះ FIFA World Cup 2022 ទល់នឹង ឆេក ក្នុងទីក្រុង Cardiff ថ្ងៃអង្គារទី៣០ខែមីនាឆ្នាំ២០២១នេះ (ម៉ោង១៖៤៥យប់នៅកម្ពុជា)។
វេលស៍ ប្រកួតជម្រុះ World Cup បើកឆាក ចាញ់ បែលហ្ស៊ិក ១-៣ ស្របពេល ឆេក បានឈ្នះ១ស្មើ១ពី២ប្រកួតដំបូង កំពុងឈរលេខ១ពូល E មាន៤ពិន្ទុស្មើ បែលហ្ស៊ិក៕