ក្ដីសង្ឃឹមរបស់ Juventus ក្នុងការប្រជែងយកកៅអីលេង UEFA Champions League រដូវកាលក្រោយកំពុងស្ថិតក្នុងហានិភ័យ បន្ទាប់ពីចាញ់១-០នៅទឹកដី Atalanta យប់ថ្ងៃអាទិត្យទី១៨ខែមេសា។
ការស៊ុតផ្លាតរបស់ Ruslan Malinovsky ក្នុងនាទី៨៧ បានហោះផុតដៃ Wojciech Szczesny ដែលបាក់ចង្កេះ។
ជ័យជម្នះនេះបង្កើនការនាំមុខ២ពិន្ទុសម្រាប់ក្រុមលេខ៣ Atalanta លើក្រុមលេខ៤ Juventus ដែលមាន៦២ពិន្ទុពី៣១ប្រកួតក្នុងក្របខណ្ឌ Serie A។
AC Milan លេខ២ មាន៦៦ពិន្ទុ ក្រោយឈ្នះ Genoa ២-១ ស្របពេលក្រុមលេខ៥ Napoli មាន៦០ពិន្ទុក្រោយស្មើ១-១ជាមួយក្រុមកំពូលតារាង Inter Milan ដែលមាន៧៥ពិន្ទុ។
Samir Handanovic បានផ្ដល់កាដូដល់ Napoli ដោយកំហុសចាប់ភ្លីតបាល់ក្រូសរបស់ Lorenzo Insigne ចូលទីខ្លួនឯងក្នុងនាទី៣៦។ Christian Eriksen ស៊ុតជើងឆ្វេងតាមស្មើឱ្យក្រុមលោក Antonio Conte ក្នុងនាទី៥៥ បន្ទាប់ពី Romelu Lukaku ស៊ុតបុកបង្គោលទី២ដង។
Inter Milan បានបរាជ័យក្នុងការឈ្នះឱ្យបានជាលើកទី១២ជាប់ៗគ្នាជាលើកដំបូង តែទោះយ៉ាងណាពួកគេខិតកាន់តែកៀកនឹងការឈ្នះលីគកំពូលអ៊ីតាលីជាលើកទី១តាំងពី២០១០មក៕