ស្ថិតនៅទីក្រុងប៉ារីស ក្នុងតំបន់ បូហ្ស៊ីហ្សាំងហ្សក ក្លិបប្រដាល់បុរាណ ដែលជាមូលដ្ឋានបណ្ដុះបណ្ដាលគុនខ្មែរដំបូង និងធំបំផុតក្នុងទឹកដី បារាំង កំពុងបន្តក្រាញននៀលសាបព្រោះមរតកីឡាប្រយុទ្ធមួយនេះ ទៅកាន់មនុស្សជាតិលើដែនដីដ៏ស៊ីវីល័យ ទោះជាវិបត្តិកូវីដ១៩ នៅតែបន្តគំរាមកំហែង។
ចាកចេញពីជំរុំភាសខ្លួនទៅកាន់ប្រទេសទី៣ កាលអំឡុងសង្គ្រាមស៊ីវីល នាទសវត្សឆ្នាំ៧០ លោក ហូរ សុធី ស្ថាបនិកក្លិបគុនខ្មែរដ៏ធំមួយនេះ ឲ្យ AMS Sports ដឹងថា ក្លិបនៅតែបន្តសកម្មភាពបណ្ដុះបណ្ដាលគុនខ្មែរ ក្នុងពេលដែលកូវីដកំពុងបង្ករផលប៉ះពាល់ខ្លាំង។ លោកថា វិបត្តិកូវីដជាច្រើនខែ គឺជាង្វល់ដែលក្លិបត្រូវអនុវត្តវិធាការបង្ការ ដែលធ្វើឲ្យថយចុះចំនួនអ្នកហ្វឹកហាត់យ៉ាងច្រើន តែក្លិបនៅតែប្ដេជ្ញារក្សាសកម្មភាព។
ស្ថានិកក្លិបគុនខ្មែរដ៏ធំបំផុតលើទឹកដីអឺរ៉ុប ដដែលនេះ បន្តថា ចំនួនកីឡាករដែលមកហ្វឹកហាត់ ថយចុះច្រើនជាង៥ដង ធៀបនឹងពេលមុនវិបត្តិកូវីដ។ លោក ហួរ សុធី បានរៀបរាប់ថា៖ «ពីមុន មួយថ្ងៃអ្នកហាត់មានពី ១០០ ទៅជាង២០០នាក់ក្នុង១ថ្ងៃ តែឥលូវ យើងអាចឲ្យហាត់បានត្រឹម ២០នាក់ប៉ុណ្ណោះ ចែកជា២ពេលទៀត ព្រោះថា យើងត្រូវការរក្សាគម្លាត គឺ៤ម៉ែត្រការ៉េ សម្រាប់មនុស្សម្នាក់»។
ក្នុងពេលដែល បារាំង ជាប្រទេសស្ថិតក្នុងអត្រារងគ្រោះខ្ពស់ មានករណីឆ្លងជាង៤៥ម៉ឺននាក់ ស្ថាបនិក និងជាអ្នករៀបចំការប្រកួតរូបនេះ រំពឹងថា កូវីដ១៩ នឹងឆាប់សាបរលាបវិញ ដើម្បីអាចឲ្យក្លិប ប្រដាល់បូរាណ វិលទៅរកភាពប្រក្រតីឡើងវិញ ក្នុងការបន្តកសាងភាពរឹងមាំដល់វិស័យគុនខ្មែរលើទឹកដី បារាំង។
ចាប់បដិសន្ធិឡើងក្នុងទីក្រុង ប៉ារីស ជាង១០ឆ្នាំមកហើយ ក្រៅពីជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល គុនខ្មែរ ក្លិបប្រដាល់បូរាណ ជារឿយៗក៏ជាទីភ្នាក់ងារដ៏សំខាន់ នាំយក កីឡាករខ្មែរឆ្នើមៗ ទៅរៀបចំការប្រកួតនៅទីនោះផងដែរ ជាសកម្មភាពដែលគេចាត់ទុកថា ជាការផ្សព្វផ្សាយអំពីគុនខ្មែរ ដ៏មានសារៈសំខាន់ទៅកាន់ឆាកអន្តរជាតិ៕