ជាង១៣០០នាក់ចូលរួមកម្មវិធីរត់អបអរខួប ៣ឆ្នាំ ប្រាសាទកោះកេរចូលជាបេតិកភណ្ឌពិភពលោក

1 នាទីអាន

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ រៀបចំកម្មវិធីរត់សហគមន៍ «រត់ឆ្លងកាត់កោះកេរ ៧គីឡូម៉ែត្រ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរខួប ៣ឆ្នាំ (១៧ កញ្ញា ២០២៣ – ១៧ កញ្ញា ២០២៦) នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

តាមការបញ្ជាក់ពីគណៈកម្មការរៀបចំ ព្រឹត្តិការណ៍រត់សហគមន៍នេះបានចាប់ផ្តើមជួបជុំគ្នានៅវេលាម៉ោង ៦:០០នាទីព្រឹក នៅមុខប្រាសាទធំ ក្នុងបរិវេណរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងឃុំស្រយង់ ស្រុកកុលែន ខេត្តព្រះវិហារ និងមានការចូលរួមពីមហាជនប្រមាណ១៣០០នាក់ ដែលក្នុងនោះក៏មានជនបរទេសចូលរួមដែរ។
ក្រៅពីការរត់ប្រណាំង ក៏មានកម្មវិធីទស្សនាផ្ទាំងទស្សនីយភាពពិព័រណ៍ និងផ្ទាំងផ្សព្វផ្សាយបង្ហាញពីប្រាសាទកោះកេរ ព្រមទាំងពិធីប្រគល់រង្វាន់ជូនជ័យលាភីកីឡាករ-កីឡាការិនីចំនួន ២០រូប (ប្រុស ១០រូប, ស្រី ១០រូប) ក្រោមអធិបតីភាព ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និង ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ផងដែរ។

សម្រាប់រង្វាន់លើកទឹកចិត្តសម្រាប់ជ័យលាភី (ទាំងបុរស និងស្ត្រី)៖
លេខ ១៖ ពាន១, មេដាយ១ និងថវិកា ១,០០០,០០០ រៀល
លេខ ២៖ ពាន១, មេដាយ១ និងថវិកា ៧៥០,០០០ រៀល
លេខ ៣៖ ពាន១, មេដាយ១ និងថវិកា ៥០០,០០០ រៀល
លេខ ៤ ដល់លេខ ១០៖ មេដាយ១ និងថវិកា ១០០,០០០ រៀល ក្នុងម្នាក់ៗ