ក្រោយក្រុមរបស់ខ្លួនវាយបកផ្ដួល Aston Villa ២-១ ក្នុង Premier League យប់មិញ អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថាគម្រោង European Super League ដែលបរាជ័យ គឺជាជំពូកមួយដែលត្រូវបានបិទបញ្ចប់ហើយ។
Man City ស្ថិតក្នុងចំណោមក្លិបទាំង១២ដែលបានប្រកាសបង្កើតពាន ESL តែជាអ្នកដំបូងគេក្នុងចំណោមក្លិបធំអង់គ្លេសទាំង៦ដែលបានប្រកាសដកខ្លួនចេញវិញ។
លោក Pep និយាយថា៖ «ក្នុងនាមជាក្លិបមួយ ពួកយើងទទួលយកនិងរៀនសូត្រនិងផ្ដោតលើមូលហេតុថាហេតុអ្វីយើងនៅទីនេះ។ វាជាជំពូកមួយដែលចប់ហើយ ជាជំពូកមួយដែលត្រូវបានបិទ។ ពួកគេ(ម្ចាស់ក្លិប)មិនចាំបាច់សុំទោសខ្ញុំទេ។ ខ្ញុំស្គាល់ពួកគេ។ ខ្ញុំដឹងថាពួកគេជាមនុស្សយ៉ាងម៉េច»។
ដោយឡែក សូមជម្រាបថាក្រោយជ័យជម្នះយប់មិញ Man City ត្រូវការតែ៨ពិន្ទុទៀតប៉ុណ្ណោះពី៥ប្រកួតចុងក្រោយដើម្បីលើកពាន Premier League ជាលើកទី៣ក្នុងពេល៤ឆ្នាំចុងក្រោយ។
ពួកគេពេលនេះមាន៧៧ពិន្ទុពី៣៣ប្រកួត ខណៈ Man Utd លេខ២ មាន៦៦ពិន្ទុពី៣២ប្រកួត៕