ក្លិប Liverpool បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចុងក្រោយរបស់ពួកគេដែលគិតមកទល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ ពួកគេខាត៤៦លានផោន (៦៣,៩១លានដុល្លារ) ខណៈរបាយការណ៍មួយឆ្នាំមុននោះទៀត ពួកគេចំណេញ៤២លានផោន (៥៨,៣៥លានដុល្លារ)។
Liverpool បានបញ្ជាក់លើវិបសាយរបស់ខ្លួនថាការរាតត្បាតដោយជំងឺកូវីដ១៩ក្នុងរយៈពេល៣ខែចុងក្រោយ(ពីខែមីនាដល់ខែឧសភាឆ្នាំ២០២០)នៃឆ្នាំគណនេយ្យរបស់ពួកគេបានបណ្ដាលឱ្យ៖
-ចំណូលពីប្រព័ន្ធផ្សព្វផ្សាយធ្លាក់ចុះ៥៩លានផោន មកនៅត្រឹម២០២លានផោន
-ចំណូលក្នុងថ្ងៃប្រកួតធ្លាក់ចុះ១៣លានផោន មកនៅត្រឹម៧១លានផោន
-ចំណូលពាណិជ្ជកម្មកើន២៩លានផោន ឡើងដល់២១៧លានផោន
-ចំណូលសរុបធ្លាក់ចុះ៤៣លានផោន មកនៅត្រឹម៤៩០លានផោន
-ទូទាត់ចំណូលនិងចំណាយ ខាត៤៦លានផោន។
របាយការណ៍ហិរញ្ញវត្ថុនេះចេញ៩ថ្ងៃក្រោយ Liverpool រួមជាមួយក្លិបធំអង់គ្លេស៥ផ្សេងទៀតបានចូលរួមគម្រោងពាន European Super League រួចហើយដកខ្លួនចេញវិញ។
ដោយឡែក សូមជម្រាបផងដែរថា ក្នុងខែតុលាឆ្នាំ២០២០ Manchester United បានប្រកាសថាពួកគេខាត២៣,២លានផោន ស្របពេល Manchester City ខាត១២៦លានផោនគិតពីរដូវកាល២០១៩-២០ មកទល់ខែមេសាឆ្នាំ២០២១នេះ៕
ប្រភព&រូបថត៖ LFC, BBC