អតីតអ្នកចាំទីឆ្នើម Arsenal និងជម្រើសជាតិអាល្លឺម៉ង់ លោក Jens Lehmann ត្រូវបានក្លិប Hertha Berlin បណ្ដេញចេញពីតួនាទីក្រុមប្រឹក្សាក្លិប បន្ទាប់ពីលោកបានផ្ញើសារតាម Whatsapp ទៅកាន់អ្នកវិភាគ Dennis Aogo ដោយហៅលោក Aogo ថាជា«កូតាស្បែកខ្មៅ»។
Aogo វ័យ៣៤ឆ្នាំ ជាអតីតខ្សែការពារជម្រើសជាតិអាល្លឺម៉ង់ និងបានចូលនិវត្តន៍ក្នុងរដូវក្ដៅ២០២០ បន្ទាប់ពីចំណាយពេលលេងឱ្យក្លិប Freiburg, Hamberg SV, Schalke 04, Stuttgart និងចុងក្រោយ Hannover 96។ សព្វថ្ងៃលោកជាអ្នកវិភាគប្រចាំទូរទស្សន៍ Sky ក្នុងប្រទេសអាល្លឺម៉ង់។
Aogo បានទទួលសារពី Lehmann ហើយបានថតរូបសារនោះបង្ហោះលើ Instagram ជាមួយសំណេរថា៖ «វ៉ោវ! អ្នកនិយាយមែនឬ? សារនេះប្រហែលមិនមែនសម្រាប់ខ្ញុំទេមើលទៅ»។
លោក Lehmann វ័យ៥១ឆ្នាំ បានសុំទោស និងនិយាយថាលោកមានន័យថាលោកបានជួយបង្កើនកូតា។
ទោះយ៉ាងណា ក្លិប Hertha Berlin សម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Lehmann ភ្លាមៗតែម្ដង។
ប្រធានក្លិប Hertha លោក Werner Gegenbauer និយាយថា៖ «»សារបែបនេះមិនឆ្លុះបញ្ចាំងពីតម្លៃរបស់ក្លិប Hertha BSC សោះឡើយ។ ពួកយើងដាក់ខ្លួននៅឆ្ងាយពីគ្រប់ទម្រង់នៃការរើសអើងពូជសាសន៍ និងស្វាគមន៍ការសម្រេចចិត្តខាងលើ»។
លោក Lehmann ជាអតីតអ្នកចាំទីក្លិប Schalke 04, AC Milan, Borussia Dortmund, Arsenal និង Stuttgart។ លោកជាផ្នែកធំមួយនៃក្រុម Arsenal ដែលលេងមិនចាញ់សោះក្នុង Premier League ២០០៣-០៤ និងឈ្នះជើងឯក។ លោកបានលេងឱ្យជម្រើសជាតិអាល្លឺម៉ង់បាន៦១ប្រកួតពីឆ្នាំ១៩៩៨ដល់២០០៨ សម័យដែលមានការប្រជែងធំពី Oliver Kahn៕