Skip to content
៣ក្លិបដែលរឹងរូស មិនបោះបង់គម្រោង ESL អាចនឹងអស់សិទ្ធិចូលរួមការប្រកួតរបស់ UEFA
    ទំព័រដើម  »  កីឡាជាតិ

៣ក្លិបដែលរឹងរូស មិនបោះបង់គម្រោង ESL អាចនឹងអស់សិទ្ធិចូលរួមការប្រកួតរបស់ UEFA

ក្លិប៩ក្នុងចំណោមក្លិបទាំង១២ ដែលជាសហស្ថាបនិក European Super League បានប្ដេជ្ញាចូលរួមការប្រកួតរបស់ UEFA ប៉ុន្ដែ Barcelona, Real Madrid និង Juventus ដែលមិនទាន់ដកខ្លួនពីគម្រោងបង្កើតថ្មីនេះ អាចនឹងត្រូវបានដកសិទ្ធលេងនៅ Champions League និង Europa League។

AC Milan, Arsenal, Atletico Madrid, Barcelona, Chelsea, Inter Milan, Juventus, Liverpool, Manchester City, Manchester United, Real Madrid និងTottenham ត្រូវបានរិះគន់មិនសំចៃពីមជ្ឈដ្ឋាននានា ចំពោះគម្រោងបង្កើត European Super League ហើយក្រោយមកក្លិបជាសមាជិកមួយចំនួនធំ បានប្រកាសដកខ្លួនជាបន្ដបន្ទាប់។

ក្លិប៩ ក្នុងចំណោមក្លិបទាំង១២ បានប្ដេជ្ញាមកចូលរួមការប្រកួតរបស់ UEFA ជាថ្មី ហើយទទួលយកការពិន័យនៅរដូវកាលបន្ទាប់។ ពួកគេនឹងត្រូវបានកាត់ប្រាក់ចំណេញដែលទទួលបានពីការប្រកួតពានអឺរ៉ុប ៥ភាគរយ ក្នុងមួយរដូវកាល។ មានន័យថា បើពួកគេអាចរកបានចំណូលសរុបពីការប្រកួតពានអឺរ៉ុប ១០០លានអឺរ៉ូ នោះពួកគេទទួលបានប្រាក់ចូលហោប៉ៅតែ៩៥លានអឺរ៉ូ ប៉ុណ្ណោះ ហើយ៥លានអឺរ៉ូទៀត ត្រូវទុកឱ្យ UEFA។ ហើយក្លិបទាំង៩នេះត្រូវចំណាយសរុបជាទឹកប្រាក់១៥លានអឺរ៉ូទៅឱ្យ UEFA ដើម្បីជួយដល់ការអភិវឌ្ឍថ្នាលយុវជនក្នុងវិស័យបាល់ទាត់។

ដោយឡែក Barcelona, Real Madrid និង Juventus មិនទាន់ឈានដល់ការព្រមព្រៀងជាមួយ UEFA នៅឡើយទេ ហើយប្រធាន UEFA លោក Aleksander Ceferin បានព្រមានថាក្លិបណាដែលរឹងរូសមិនព្រមដកខ្លួនពីគម្រោង Super League នឹងប្រឈមការដកសិទ្ធចូលរួម Champions League និង Europa League៕