លោក ម៉ុលនី អ្នកផ្គូផ្គងកីឡាករប្រចាំសង្វៀនគ្រុឌបានលើកឡើងក្រោយចប់ព្រឹត្តិការណ៍ The Battle of King រួចលោកថាផែនការរបស់កម្មវិធីក៏ដូចជាម្ចាស់ឧបត្ថម្ភកំពុងសិក្សាអំពីលទ្ធភាពក្នុងការនាំយកីឡាករលំដាប់ៗមិនថាស្រុកថៃ ឬកម្រិតពិភពលោកបន្តទៀត ដើម្បីឱ្យកីឡាករគុនខ្មែរបានសាកនៅរបស់ពិតជាហូរហែរ និងក៏បានផ្សព្វផ្សាយគុនខ្មែរកាន់តែរីកសុសសាយទៅមុខទៀត។
មានៗអាចមិនហ៊ានថាធំទេ ក៏ប៉ុន្តែអាចត្រឹមបេក្ខភាពម្នាក់ ឬក៏ពីរនាក់ចឹងដែរ អ្វីៗគ្រប់យ៉ាងសុទ្ធតែស្ថិតក្នុងគម្រោងទាំងអស់។
ទន្ទឹមគ្នាដែរ អ្នកចាប់គូមានប្រភពពីខេត្តព្រៃវែងដដែលក៏បានបន្ថែម ក្រោយវត្តមានកីឡាករខ្លាចាស់ប្រចាំសង្វៀន Thai Fight សៃយុគ មកវ៉ៃក្នុងទឹកដីកម្ពុជាជាលើកដំបូងនេះគឺជាសញ្ញាវិជ្ជមានមួយក្នុងការផ្សះផ្សារវាងគុនខ្មែរ និងមួយថៃដែលមានភាពរកាំរកូសជាមួយគ្នាមួយរយៈមុននោះ។
ព្រឹត្តិការណ៍ The Battle of King កាលពីយប់ថ្ងៃអាទិត្យទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចប់ទៅដោយគូឯកប្រចាំព្រឹត្តិការណ៍បីគូ ក្នុងនោះ លន បញ្ញា បានឈ្នះពិន្ទុលើកីឡាករ ទូរគី ចំណែកគូដណ្តើមខ្សែក្រវាត់ ឡៅ ចន្ទ្រា បានគ្រងខ្សែក្រវាត់គីឡូ ៧៣ ក្រោយឈ្នះពិន្ទុលើ សុដ សាខន និងគូឯកប្រចាំកម្មវិធីបានបញ្ចប់ទៅត្រឹមស្មើគ្នារវាង ធន់ រិទ្ធី និងសៃ យុគភុមផានមួង៕