Skip to content
កីឡដ្ឋាននៅ​អង់គ្លេស​អាច​ទទួល​ទស្សនិកជន​រហូត​ដល់​១​ម៉ឺន​​នាក់​​ចាប់​ពី​ថ្ងៃ​១៧​ឧសភា​ទៅ​
    ទំព័រដើម  »  កីឡាជាតិ

កីឡដ្ឋាននៅ​អង់គ្លេស​អាច​ទទួល​ទស្សនិកជន​រហូត​ដល់​១​ម៉ឺន​​នាក់​​ចាប់​ពី​ថ្ងៃ​១៧​ឧសភា​ទៅ​

អ្នកគាំទ្រ​ក្នុង​ចំនួន​រហូត​ដល់​១០ ០០០​នាក់ ឬ​ប្រមាណ​២៥%​នៃ​ចំណុះ​សរុប​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​​កីឡដ្ឋាន​នីមួយ​ៗ​​​ក្នុង​ប្រទេស​អង់គ្លេស​ចាប់​ពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ឆ្នាំ​២០២១​តទៅ​។ នេះ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី Boris Johnson។

នោះ​ក៏​នឹង​រួម​បញ្ចូល​​ការ​ប្រកួត​២​​សប្ដាហ៍​ប្រកួត​ចុង​ក្រោយ​នៃ​ក្របខណ្ឌ Premier League រដូវកាល​២០២០-២១​នេះ​ផង​ដែរ ដោយ​កីឡដ្ឋាន​នឹង​បើក​សម្រាប់​តែ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ​នៅ​ក្នុង​ចំនួន​ដែល​ត្រូវ​បាន​កាត់​បន្ថយ​។

ការ​ប្រកួត​២​ជុំ​ចុង​ក្រោយ​នៃ​លីគកំពូល​អង់គ្លេស​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨-១៩ និង​២៣ ខែ​ឧសភា​។

ប្រធាន​ប្រតិបត្តិ Premier League លោក Richard Masters និយាយ​ថា​វា​​ពិតជា​ល្អ​ណាស់​ដែល​ឃើញ​អ្នក​គាំទ្រ​ត្រលប់​មក​វិញ​​។ វត្តមាន​របស់​ពួក​គេ​នឹង​ធ្វើ​ឱ្យ​ជុំ​ចុង​ក្រោយ Premier League ​មាន​ភាព​អស្ចារ្យ​។

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន អ្នក​គាំទ្រ​ក្នុង​ចំនួន​រហូត​ដល់​២​ពាន់​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ការ​ប្រកួត​មួយ​ចំនួន​ក្នុង​ Premier League មុនពេល​ប្រទេស​អង់គ្លេស​ត្រូវ​បាន​បិទ​ខ្ទប់​ជា​ថ្មី។

ស្នូឃើ​ជា​កីឡាករ​ដំបូង​ដែល​ស្វាគមន៍​ការ​ត្រលប់​មក​វិញ​នៃ​អ្នក​គាំទ្រ​ ​សប្ដាហ៍​មុន ដោយ​មាន​ទស្សនិកជន​៩៨០​នាក់​ចូល​ទស្សនា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជើងឯក​ពិភពលោក World Snooker Championship។

រដ្ឋាភិបាល​អង់គ្លេស​សង្ឃឹម​ថា​​នឹង​បាន​បង្កើន​ចំនួន​ទស្សនិកជន​ក្នុង​កីឡដ្ឋាន​​ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២១​ខែ​មិថុនា​ទៅ នៅ​ពេល​ការ​រឹតបន្តឹង​ក្នុង​ប្រទេស​​ត្រូវ​បាន​ដក​ចេញ​បន្ថែម​ទៀត​​៕