ក្នុងកម្មវិធី Match of the Day ថ្ងៃចន្ទម្សិលមិញ អតីតខ្សែប្រយុទ្ធឆ្នើមអង់គ្លេសលោក Alan Shearer បញ្ចេញទស្សនៈថាបើលោកជា Harry Kane ហើយចង់ឈ្នះពានរង្វាន់ លោកនឹងចេញពី Tottenham Hotspur ដើម្បីសម្រេចបំណងនោះ។
វាគ្មិនដែលជា legend បាល់ទាត់អង់គ្លេសមួយរូបទៀត លោក Gary Lineker ម្ចាស់ស្បែកជើងមាស World Cup 1986 បានសួរលោក Shearer អំពីទស្សនៈផ្ទាល់ខ្លួនថាបើលោកជា Kane លោកសម្រេចចិត្តបែបណាចំពោះអនាគតខ្លួន។
Kane ធ្លាប់បាននិយាយជាសាធារណៈដោយមិនលាក់លៀមថាគេចង់ឈ្នះពានរង្វាន់ក្នុងអាជីពនិងចង់ឈ្នះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈគេនឹងឈានចូលវ័យ២៨ឆ្នាំហើយនៅខែកក្កដាខាងមុខ។
លោក Lineker បានលើកឡើងថាវាហាក់មិនសូវត្រឹមត្រូវដែរក្នុងការប្រៀបធៀប Shearer ទៅនឹង Kane ព្រោះលោក Shearer ដុះដាលចេញពីថ្នាលរបស់ Southampton និងផ្ដើមអាជីពនៅទីនេះ(១៩៨៨ដល់១៩៩២) មុនផ្លាស់ទៅ Blackburn Rovers (១៩៩២ដល់១៩៩៦) រួចហើយផ្ទេរមកក្លិបនៅស្រុកកំណើតរបស់លោក គឺ Newcastle និងលេងនៅទីនេះ១០រដូវកាល គឺរហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ២០០៦តែម្ដង។ ចំណែក Kane ដុះដាលចេញពីថ្នាល Spurs និងផ្ដើមអាជីពហើយឡើងល្បីនៅក្លិបនេះផ្ទាល់តែម្ដង។
ទោះបែបនេះក្ដី អតីតកីឡាករបាល់ទាត់ថ្លៃបំផុតក្នុងលោក Shearer និយាយថា៖ «កាលខ្ញុំនៅ Blackburn Rovers ពួកយើងបានឈ្នះជើងឯក Premier League (រដូវកាល១៩៩៤-៩៥) តែរដូវកាលបន្ទាប់(១៩៩៥-៩៦) ពួកយើងនៅឆ្ងាយពីការការពារជើងឯក (បានត្រឹមលេខ៧)។ កត្តានោះបានបង្កើតគំនិតក្នុងចិត្តខ្ញុំថាខ្ញុំត្រូវផ្ទេរចេញដើម្បីទៅធ្វើរឿងរ៉ាវផ្សេងៗទៀតដែលខ្ញុំចង់ធ្វើ (ផ្ទេរទៅ Newcastle ដែលជាក្រុមរងជើងឯកឆ្នាំ១៩៩៦ ក្នុងតម្លៃឯតទគ្គកម្មពិភពលោក១៥លានផោនសម័យនោះ)។ ប្រសិន Harry Kane ចង់បានលេសមួយដើម្បីចេញពី Tottenham គេអាចយកគុណផលរបស់ក្រុមឆ្នាំនេះជាហេតុផលដើម្បីចាកចេញបាន។ បើខ្ញុំជា Kane ខ្ញុំនឹងចេញពី Tottenham។
គួរជម្រាបថា Kane បានត្រឹមតែប៊ិះៗឈ្នះពានរង្វាន់ប៉ុណ្ណោះជាមួយ Spurs ដោយរងជើងឯក UEFA Champions League 2018-19, រងជើងឯក League Cup 2014-15 និងបានត្រឹមលេខ២ក្នុងពាននេះជាថ្មីក្នុងរដូវកាល២០២០-២១នេះ។ ចំណែកក្នុង Premier League រដូវកាលនេះវិញ Spurs កំពុងឈរលេខរៀងទី៧ក្នុងតារាង នៅក្រោមក្រុមលេខ៤ Leicester City ចំនួន៧ពិន្ទុ ស្របពេលសល់៣ប្រកួតទៀតក្នុងដៃ៕