ខ្សែការពារល្បីឈ្មោះមួយរូបរបស់ Real Madrid នឹងត្រូវចាកចេញក្នុងរដូវក្ដៅនេះ ហើយក្នុងចំណោមនោះ Sergio Ramos ទំនងជាងគេ។ នេះបើតាមការរាយការណ៍របស់ Marca។
តាមស្ថានភាពបច្ចុប្បន្ន Real Madrid មានជម្រើសខ្សែការពារកណ្ដាលជាក់លាក់៣នាក់សម្រាប់រដូវកាលក្រោយ។ David Alaba ជាម្នាក់ក្នុងចំណោមនោះ ទោះបីការចុះកិច្ចសន្យាជាមួយតារាអូទ្រីសកូនកាត់ហ្វ៊ីលីពីន-នីហ្សេរីយ៉ារូបនេះមិនទាន់ប្រកាសជាសាធារណៈនៅឡើយក្ដី។ តែគេបានបញ្ជាក់រួចហើយថានឹងចេញពី Bayern Munich នៅដំណាច់រដូវកាល២០២០-២១នេះ ពេលកិច្ចសន្យាបច្ចុប្បន្នអស់សុពលភាព។ Nacho Fernandez និង Eder Militao ដែលបានលេងជាប់លាប់ក្នុងរដូវកាលនេះជាងរដូវកាលមុនៗរបស់ពួកគេ ជាជម្រើស២ផ្សេងទៀត។
ជម្រើសទី៤គឺជាម្នាក់រវាង Ramos និង Raphael Varane។ អ្នកទាំង២ជាដៃគូការពារកណ្ដាលដ៏ជោគជ័យរបស់ Real អំឡុងពេលត្រួតត្រាបាល់ទាត់អឺរ៉ុបប៉ុន្មានរដូវកាលមុនជាប់គ្នា។ ប៉ុន្តែរដូវក្ដៅនេះ ពួកគេនឹងត្រូវបានបំបែកចេញពីគ្នា។
Real សង្ឃឹមថាម្នាក់ក្នុងចំណោមពួកគេនឹងនៅបន្តជាមួយក្លិប ប៉ុន្តែពួកគេមិនគ្រោងទុកទាំង២ឡើយសម្រាប់ប្រើប្រាស់រដូវកាលក្រោយ។ បើម្នាក់ត្រូវចេញ ពួកគេអាចទិញ Pau Torres ឬ Jules Kounde ដើម្បីមកបំពេញកន្លែងជំនួស។
ក្លិបអធិរាជសដឹងថាពួកគេត្រូវការវិវត្តក្លិប ហើយតំបន់ការពារបច្ចុប្បន្នមិនរឹងមាំដូចពីមុនឡើយ។ Ramos ដែលជាប្រធានក្រុមជួបភាពមិនសប្បាយចិត្តច្រើនក្នុងរដូវកាលនេះ ខណៈ Varane អាចត្រូវក្លិបលក់ចេញដើម្បីបញ្ចៀសការចាកចេញរបស់គេដោយគ្មានតម្លៃផ្ទេរឆ្នាំក្រោយពេលកិច្ចសន្យាអស់សុពលភាពក្នុងឆ្នាំ២០២២។
ស្របពេល Kylian Mbappe ជាគោលដៅរបស់ក្លិបផងនោះ Real ចង់រកចំណូលដើម្បីអាចប្រើប្រាស់ក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមបារាំងរូបនេះពី PSG។ តែតាមស្ថានភាពបច្ចុប្បន្ន Varane មានភាគរយនៅ Real បន្តទៀតច្រើនជាង Ramos៕