Skip to content
Sporting Lisbon ឈ្នះ​ជើងឯក​លីគ​កំពូល​ព័រទុយហ្គាល់​លើក​ដំបូង​តាំង​ពី​២០០២
    ទំព័រដើម  »  កីឡាជាតិ

Sporting Lisbon ឈ្នះ​ជើងឯក​លីគ​កំពូល​ព័រទុយហ្គាល់​លើក​ដំបូង​តាំង​ពី​២០០២

ក្រុម Sporting Lisbon ​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ Primeira Liga រដូវកាល​២០២០-២១ បន្ទាប់​ពី​​ផ្ដួល​១-០​លើ Boavista យប់​ថ្ងៃអង្គារ​ទី​១១​ខែ​ឧសភា​។ នេះ​​​ជា​ការ​ឈ្នះ​លីគ​​​កំពូល​ព័រទុយហ្គាល់​លើក​ទី​១​​របស់​ពួក​គេ​តាំង​ពី​ឆ្នាំ​២០០២​មក និង​ជា​លើក​ទី​១៩​ក្នុង​ប្រវត្តិសាស្ត្រ​។

កីឡាករ Paulinho ជា​អ្នក​រក​បាន​គ្រាប់​បាល់​តែ​​១​គត់​ក្នុង​ការ​ប្រកួត​នៅ​នាទី​៣៦​សម្រាប់​ម្ចាស់​ផ្ទះ​។

Sporting Lisbon ដែល​បង្វឹក​ដោយ​លោក Ruben Amorim មិន​ទាន់​ចាញ់​ឡើយ​ក្នុង​រដូវកាល​នេះ និង​នាំ​មុខ​៨​ពិន្ទុ​លើ​ក្រុម​លេខ​២ Porto ខណៈ​សល់​តែ​២​​​ប្រកួត​ទៀត​ប៉ុណ្ណោះ​។

Sporting Lisbon បាន​ឡើង​កាន់​កាប់​កំពូល​តារាង Primeira Liga តាំង​ពី​ដើម​ខែ​វិច្ឆិកា​មក និង​បន្ត​នៅ​ទីនេះ​ជាប់​​រហូត​មក​ទល់​ពេលនេះ​​តែ​ម្ដង​។

ការ​លើកពាន​របស់ Sporting Lisbon ​ជា​ការ​បញ្ចប់​ភាព​ត្រួតត្រា​របស់ Porto និង Benfica ក្នុង​លីគ​កំពូល​ព័រទុយហ្គាល់​រយៈ​ពេល​១៩​ឆ្នាំ​​​មក​នេះ​។

Sporting ក៏​បាន​ឈ្នះ​ពាន League Cup ផង​ដែរ​កាល​ពី​ខែ​​មករា​​​៕