អ្នកចាត់ការ Real Madrid លោក Zinedine Zidane បានបដិសេធការចុះផ្សាយដែលថាលោកបានប្រាប់កីឡាកររបស់លោកថាលោកនឹងចេញពីក្លិបយក្សអេស្ប៉ាញ។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សាយថាលោក Zidane បានប្រាប់កីឡាករ Real សប្ដាហ៍មុនថាលោកនឹងចាកចេញពីក្លិបនៅដំណាច់រដូវកាល២០២០-២១នេះ។
តែក្រោយការប្រកួតដែល Real ឈ្នះ Athletic Bilbao ១-០យប់ថ្ងៃអាទិត្យ លោក Zidane បកស្រាយថាក្រុមរបស់លោកកំពុងផ្ដោតលើការប្រជែងជើងឯក La Liga ដូច្នេះមានរឿងអ្វីដែលលោកទៅនិយាយរឿងចេញពីក្លិបនៅខណៈនេះដែលធ្វើឱ្យប៉ះពាល់ទឹកចិត្តកីឡាករទៅកើត?
អ្នកចាត់ការជនជាតិបារាំងបញ្ជាក់ថា៖ «តើខ្ញុំអាចប្រាប់កីឡាករពេលនេះថាខ្ញុំនឹងចាកចេញដោយរបៀបណាទៅ? ពួកយើងកំពុងផ្ដល់គ្រប់យ៉ាងដែលយើងមានដើម្បីប្រជែងជើងឯក ហើយសុខៗស្រាប់តែខ្ញុំនិយាយថាខ្ញុំនឹងចាកចេញ? មនុស្សនៅក្រៅក្លិបអាចនិយាយអ្វីដែលពួកគេចង់និយាយ ប៉ុន្តែខ្ញុំនឹងគ្មានថ្ងៃនិយាយបែបនេះទៅកាន់កីឡាកររបស់ខ្ញុំឡើយ»។
តែទន្ទឹមនឹងនេះ លោក Zidane និយាយថា៖ «នៅដំណាច់រដូវកាល ពួកយើងនឹងឃើញថាមានអ្វីកើតឡើង ប៉ុន្តែពេលនេះពួកយើងកំពុងផ្ដោតលើការប្រកួតចុងក្រោយរបស់យើង។ ពួកយើងមិនអាចនិយាយតែអំពីអនាគតរបស់ខ្ញុំគ្រប់ពេលទេ។ ការប្រកួតចុងក្រោយប្រចាំរដូវកាលគឺសំខាន់ជាងនេះឆ្ងាយណាស់»។
Real កំពុងដេញពីក្រោយ Atletico Madrid ចំនួន២ពិន្ទុ ហើយប្រកួតចុងក្រោយនាថ្ងៃទី២៥ខែឧសភា Real ត្រូវទទួល Villarreal ស្របពេល Atletico ត្រូវលេងនៅទឹកដី Real Valladolid។
លោក Zidane វ័យ៤៨ឆ្នាំ កំពុងបង្វឹក Real ជាលើកទី២ បន្ទាប់ពីដឹកនាំលើកទី១ឈ្នះ Champions League ៣រដូវកាលជាប់គ្នារវាងឆ្នាំ២០១៦ដល់២០១៨៕