កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានភ្ជាប់នឹងការផ្ទេរចេញពី Juventus ក្នុងរដូវក្ដៅនេះ បន្ទាប់ពីក្លិបសេះបង្កង់បានត្រឹមចំណាត់ថ្នាក់ទី៤ក្នុង Serie A រដូវកាល២០២០-២១។
មន្ទិលចំពោះអនាគតរបស់ Ronaldo នៅ Juventus កាន់តែរីកធំឡើងៗ បន្ទាប់ពីខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ បានបង្ហោះសារយ៉ាងវែងនៅលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួន ដោយសង្កត់ធ្ងន់ថាលោកបានសម្រេចគោលដៅដែលលោកបានកំណត់តាំងពីពេលលោកចូលរួម Juventus ថ្ងៃដំបូងហើយ។
រយៈពេល៣រដូវកាលហើយដែល CR7 បាននិងកំពុងរួមរស់ជាមួយ Juventus ក្រោយផ្លាស់ពី Real Madrid មកអ៊ីតាលីក្នុងរដូវក្ដៅ២០១៨។ កាលណោះ ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនអះអាងថា Juventus ចាយលុយធំយកប្រធានក្រុមព័រទុយហ្គាល់មករួមក្រុមគឺដើម្បីសម្រេចឱ្យបានមហិច្ឆតាលើកពាន Champions League ជាថ្មី ក្រោយខកចិត្តក្នុងវគ្គផ្ដាច់ព្រ័ត្រជាច្រើនលើក តាំងពីបានស្គាល់ជាតិកាន់ពាននេះទី២ក្នុងរដូវកាល១៩៩៥-៩៦មក។
Ronaldo នៅសល់កិច្ចសន្យាដល់ឆ្នាំ២០២២ជាមួយ Juventus ប៉ុន្តែត្រូវបានភ្ជាប់នឹងការផ្ទេរទៅក្លិបមួយចំនួនដូចជា Paris St Germain និងការត្រលប់ជាថ្មីទៅ Real Madrid ឬ Manchester United។
សំណេររបស់ Ronaldo លើអ៊ីនស្តាក្រាមហាក់បន្ទរលើមន្ទិលសង្ស័យទាំងនោះ។ Ronaldo បានសរសេរលើបណ្ដាញសង្គមរបស់ខ្លួនថា៖ «ជីវិតនិងអាជីពរបស់កីឡាករលំដាប់កំពូលទាំងឡាយមានឡើងមានចុះ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពួកកយើងប្រឈមមុខជាមួយក្រុមអស្ចារ្យជាច្រើន ជាមួយនឹងកីឡាករពិសេសៗនិងគោលដៅប្រកបដោយមហិច្ឆតា ដូច្នេះពួកយើងតែងតែត្រូវបញ្ចេញអស់ពីសមត្ថភាពដើម្បីរក្សាខ្លួនយើងនៅកម្រិតឧត្ដម។ ឆ្នាំនេះ ពួកយើងមិនបានឈ្នះ Serie A ទេ។ សូមអបអរសាទរ Inter ចំពោះការឈ្នះជើងឯកយ៉ាងស័ក្ដិសម។ ទោះយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែវាយតម្លៃគ្រប់យ៉ាងដែលពួកយើងសម្រេចបានរដូវកាលនេះនៅ Juventus ទាំងលក្ខណៈសមូហភាពនិងលក្ខណៈបុគ្គល។ ពាន Italian Super Cup, Italian Cup និងស្បែកជើងមាស Serie A បានផ្ដល់ក្ដីសុខដល់ខ្ញុំ ជាពិសេសនៅត្រង់ការប្រឈមជាមួយការលំបាកនៅក្នុងប្រទេសមួយដែលគ្មានអ្វីងាយស្រួលក្នុងការយកឈ្នះឡើយ»។
«ជាមួយនឹងសមិទ្ធផលទាំងនេះ ខ្ញុំបានឈានដល់គោលដៅដែលខ្ញុំបានកំណត់ទុកតាំងពីខ្ញុំមកដល់អ៊ីតាលីថ្ងៃដំបូង គឺការឈ្នះជើងឯកលីគ, ឈ្នះ Cup និង Super Cup ព្រមទាំងឈ្នះពានកីឡាករល្អបំផុតនិងពានស្បែកជើងមាសនៅក្នុងប្រទេសមួយនេះ(អ៊ីតាលី)ដែលមានបាល់ទាត់រុងរឿង, មានកីឡាករប្រកបដោយទេពកោសល្យអស្ចារ្យ និងមានវប្បធម៌បាល់ទាត់ផ្ទាល់ខ្លួន»។
«ខ្ញុំធ្លាប់បាននិយាយរួចហើយថាខ្ញុំមិនដេញតាមឯតទគ្គកម្មទេ ប៉ុន្តែឯតទគ្គកម្មទៅវិញទេដែលដេញតាមខ្ញុំ។ សម្រាប់អ្នកដែលមិនយល់ពីឃ្លានេះ ខ្ញុំសូមប្រាប់ថាវាងាយយល់ណាស់។ បាល់ទាត់ជាការប្រកួតលក្ខណៈក្រុម ប៉ុន្តែនៅក្នុងក្រុមនោះត្រូវពឹងផ្អែកលើភាពខ្លាំងរបស់ម្នាក់ៗដើម្បីយកឈ្នះដើម្បីជួយក្រុមរបស់យើងឱ្យសម្រេចបានគោលដៅ។ វាទាមទារឱ្យអ្នកស្រេកឃ្លានខ្លាំងឡើងៗនៅលើទីលាននិងធ្វើការច្រើនឡើងៗនៅក្រៅទីលាន។ នៅទីបំផុតឯតទគ្គកម្មទាំងនោះលេចឡើង ហើយការឈ្នះជើងឯកជាក្រុមក្លាយជារឿងចៀសមិនផុត។ ពានរង្វាន់មួយចំនួនជាវិបាកដែលកើតចេញពីអ្នកដទៃ»។
«ដូច្នេះខ្ញុំមានមោទកភាពខ្លាំងណាស់ចំពោះការពិតនេះដែលបានកើតឡើងដូចគ្នាម្ដងហើយម្ដងទៀត។ ឈ្នះជើងឯកលីគនៅក្នុងប្រទេសអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី។ ឈ្នះពាន Super Cup នៅអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី។ ឈ្នះ ពានកីឡាករល្អបំផុតនៅអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី។ ឈ្នះស្បែកជើងមាសនៅអង់គ្លេស អេស្ប៉ាញ និង អ៊ីតាលី។ រកបានលើសពី១០០គ្រាប់ឡើងសម្រាប់ក្លិបនៅអង់គ្លេស អេស្ប៉ាញ និង អ៊ីតាលី។ គ្មានអ្វីប្រៀបបានឡើយទៅនឹងអារម្មណ៍នៃការដឹងថាខ្ញុំបានបង្កើតកំណត់ត្រានៅក្នុងប្រទេសដែលខ្ញុំបានលេង និងភាពរីករាយដែលខ្ញុំបានផ្ដល់ជូនអ្នកគាំទ្រនៃក្លិបដែលខ្ញុំបានលេងឱ្យ។ ខ្ញុំខំប្រឹងដើម្បីបុព្វហេតុទាំងនេះ។ ទាំងនេះជាកត្តាជំរុញខ្ញុំហើយនេះជាអ្វីដែលខ្ញុំនឹងបន្តប្រឹងប្រែងរហូតដល់ថ្ងៃចុងក្រោយ»។
«សូមអរគុណគ្រប់គ្នាដែលបានរួមចំណែកក្នុងដំណើរមួយនេះ។ ពួកយើងឈរជាមួយគ្នា!»៕