Skip to content
Conte ថា Spurs ត្រូវតែមានការផ្លាស់ប្ដូរ មិនអាចបន្ដបែបនេះទៀតទេ
    ទំព័រដើម  »  កីឡាជាតិ

Conte ថា Spurs ត្រូវតែមានការផ្លាស់ប្ដូរ មិនអាចបន្ដបែបនេះទៀតទេ

អនាគតរបស់អ្នកចាត់ការ Antonio Conte ហាក់ជួបនូវភាពមិនច្បាស់លាស់ បន្ទាប់ពីបាននិយាយក្នុងសម្ភាសន៍មួយក្រោយចប់ការប្រកួតកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

គ្រូបង្គោលរបស់ក្រុមមាន់ខ្នាយមាសរូបនេះ បានស្នើឱ្យក្លិបធ្វើការរៀបចំឡើងវិញ ហើយលោកបានសង្កត់ធ្ងន់ថា មិនអាចបណ្ដែតបណ្ដោយឱ្យស្ថានភាពបន្ដទៅទាំងបែបនេះឡើយ ក្រោយបរាជ័យ ១-០ ក្រោមថ្វីជើង Burnley។

សម្ដីរបស់លោក បានចោទជាសំណួរធំមួយថាតើ លោកអាចនឹងលាលែងពីតំណែងជាអ្នកចាត់ការរបស់ Spurs ឬយ៉ាងណា ក្រោយចូលកាន់តំណែងនេះរយៈពេល៤ខែកន្លងមក។

លោក Conte បាននិយាយថា៖ “វាជាវិបត្តិមួយ។ វាជាវិបត្តិសម្រាប់ក្លិបដូចជា Tottenham។ វាមានន័យថាវាពិតជាសោកសៅណាស់ដែលយើងមិនទទួលបានលទ្ធផលល្អ”។

“ខ្ញុំគិតថាយើងត្រូវតែមានចំណាត់ការ សម្រាប់ក្លិប និងខ្ញុំ ហើយក៏ត្រូវតែធ្វើការសម្រេចចិត្តដ៏ល្អបំផុត ព្រោះខ្ញុំគិតថា អ្នកគាំទ្ររបស់យើង មិនសមមើលឃើញការចាញ់៤លើក ក្នុងចំណោម៥ប្រកួតចុងក្រោយនោះទេ”។

“ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ ព្រោះសម្រាប់ខ្ញុំនេះជាស្ថានភាពថ្មីមួយ ហើយខ្ញុំមិនទម្លាប់ជាមួយនឹងលទ្ធផលបែបនេះឡើយ”៕