Skip to content
AC Milan បញ្ជាក់ថាអ្នកចាំទីដៃទី១ Donnarumma នឹងចេញពីក្លិបក្នុងរដូវក្ដៅនេះ
    ទំព័រដើម  »  កីឡាជាតិ

AC Milan បញ្ជាក់ថាអ្នកចាំទីដៃទី១ Donnarumma នឹងចេញពីក្លិបក្នុងរដូវក្ដៅនេះ

នាយក​បច្ចេកទេស​ក្លិប AC Milan លោក Paolo Maldini បាន​បញ្ជាក់​ថា​អ្នកចាំទី​ដៃទី​១ Gianluigi Donnarumma នឹង​ចេញពី​ក្លិប​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០២១​នេះ​ពេល​កិច្ចសន្យា​ផុត​សុពលភាព​នៅ​ថ្ងៃ​ទី​៣០​ខែ​មិថុនា​។

កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​វ័យ​២២​ឆ្នាំ​បាន​ចាប់​ផ្ដើម​អាជីព​លេង​​ក្នុង​ក្រុម​ធំ Milan តាំង​ពី​អាយុ​១៦​ឆ្នាំ និង​បាន​កសាង​ខ្លួន​ក្លាយ​ជា​អ្នកចាំទី​វ័យ​ក្មេង​លំដាប់​កំពូល​ម្នាក់​ក្នុង​ពិភពលោក​។

លោក Maldini បាន​និយាយ​ក្នុង​សម្ភាសន៍​​​លើ​ប៉ុស្តិ៍​ផ្លូវការ​របស់​​ AC Milan ​ថា​៖ «គាត់​ជា​តួអង្គ​សំខាន់​ម្នាក់, ជា​អ្នក​ដឹកនាំ និង​ជា​រឿយ​ៗ​ជា​ប្រធាន​ក្រុម​ម្នាក់​។ កីឡាករ​អាជីព​ត្រូវ​តែ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ប្ដូរ​អាវ​ក្រុម​។ វា​កាន់​តែ​ពិបាក​ឡើង​ពិបាក​ឡើង​ក្នុងការ​ចាប់​ផ្ដើម​អាជីព​នៅ​កន្លែង​មួយ​ហើយ​បញ្ចប់​អាជីព​នៅ​ទីនោះ​​។ ពួក​យើង​ត្រូវ​អរគុណ​​អ្នក​ទាំងនោះ​ដែល​បាន​ផ្ដល់​យ៉ាង​ច្រើ​ន​សម្រាប់ AC Milan រួមទាំង Gigio ម្នាក់​ផង​ដែរ​។ គេ​មិន​ដែល​មិ​ន​គោរព​ក្លិប​ម្ដង​ណា​ឡើយ​។ ពួក​យើង​មក​ដល់​ផ្លូវ​បំបែក​នៅ​ពេលនេះ ហើយ​ខ្ញុំ​អាច​ត្រឹម​ជូនពរ​គាត់​ជួប​តែ​រឿង​ល្អ​ៗ»។

អ្នកចាំទី​កម្ពស់​១,៩៦​ម៉ែត្រ​​ខាង​លើ​មាន​ជម្រើស​ច្រើន​នៅ​ក្នុង​ដៃ ខណៈ​ក្លិប​ថ្មី​អាច​យក​រូប​គេ​ដោយ​មិន​បាច់​អស់​តម្លៃផ្ទេរ​។ Chelsea, Tottenham និង Juventus ស្ថិត​ក្នុង​ចំណោម​ក្លិប​​ដែល​ត្រូវ​បាន​ភ្ជាប់​នឹង​ការ​ចង់​បាន Donnarumma​។ ហើយ​ចុង​ក្រោយ​នេះ​ក៏​លេចឮ​ថា Barcelona ចាប់​អារម្មណ៍​ដែរ​។

Donnarumma បាន​លេង​ឱ្យ AC Milan ​ជាង​២៥០​ប្រកួតពី​ឆ្នាំ​២០១៥​ដល់​២០២១​នេះ។ គេ​ក៏​បាន​លេង​ឱ្យ​ជម្រើស​ជាតិ​អ៊ីតាលី​បាន​២៥​លើក​រួច​ហើយ​ដែរ តាំង​ពី​ជាប់​ក្រុមធំ​ក្នុង​ឆ្នាំ​២០១៦​មក​។

ដោយឡែក AC Milan ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ដៅ​យក​អ្នកចាំទី​ជម្រើស​ជាតិ​បារាំង Mike Maignan ​របស់ Lille មក​ជំនួស Donnarumma​។ Maignan ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ទីក្រុង Milan សប្ដាហ៍​នេះ មុនពេល​ធ្វើតេស្ត​សុខភាព​។ អ្នកចាំទី​វ័យ​២៥​ឆ្នាំ​ដែលទើប​តែ​រួម​ចំណែក​ជួយ Lille លើក​ពាន Ligue 1 លើក​ដំបូង​ក្នុង​ពេល​១០​​ឆ្នាំ​ ត្រូវ​បាន​រំពឹង​ថា​មានតម្លៃ​១៥​លាន​អឺរ៉ូ (១៨​លាន​ដុល្លារ​អាមេរិក)៕