Klopp ថា Everton ក្រោមការបង្វឹករបស់ Ancelotti អាចប្រជែង Liverpool បាន

Monghak Yong
11 មើល
0 នាទីអាន
- Advertisement -

ក្រុម Everton ក្រោមការដឹកនាំរបស់អ្នកចាត់ការ Carlo Ancelotti អាចក្លាយជាគូប្រជែងបន្ទាប់យ៉ាងពិតប្រាកដចំពោះ Liverpool។ នេះបើតាមការលើកឡើងរបស់លោក Jurgen Klopp។

Everton កំពុងឈរកំពូលតារាង Premier League ក្រោយឈ្នះទាំង៤ប្រកួតដំបូងជាប់គ្នាក្រោមការដឹកនាំរបស់លោក Ancelotti ដែលត្រូវបានតែងតាំងក្នុងខែធ្នូ២០១៩។

ពួកគេនឹងទទួល Liverpool ម៉ោង៦៖៣០ល្ងាច(ម៉ោងកម្ពុជា)ថ្ងៃសៅរ៍ទី១៧ខែតុលាឆ្នាំ២០២០។

មុនការប្រកួតរវាងក្រុមនៅ Merseyside ជាមួយគ្នានេះមកដល់ លោក Klopp បាននិយាយក្នុងកម្មវិធី BBC Football Focus ថា៖ «អ្វីដែលខ្ញុំគិតចំពោះ Ancelotti គឺមិនដែលជាអាថ៌កំបាំងទេ។ ខ្ញុំគោរពគាត់អស់ពីចិត្ត។ គាត់ជាបុគ្គលដ៏អស្ចារ្យម្នាក់។ ពេលខ្ញុំឮថាគាត់នឹងចុះកិច្ចសន្យាជាមួយ Everton ខ្ញុំបានគិតថា [អឺ… គូប្រជែងពិតៗមួយទៀតជិតមកដល់ហើយ]។ ពួកគេបានធ្វើជំនួញបានល្អឥតខ្ចោះក្នុងរដូវក្ដៅនេះ។ ពួកគេបានរកឃើញចំគោលដៅកីឡាករដែលពួកគេត្រូវការដើម្បីបង្កើនសមត្ថភាពក្រុមមួយដែលល្អស្រាប់រួចទៅហើយនោះ។ ពេលពួកគេនៅជាមួយគ្នាហើយស៊ាំនឹងអ្វីដែល Carlo ចង់ឱ្យពួកគេធ្វើ នឹងធ្វើឱ្យពួកគេក្លាយជាក្រុមដ៏ខ្លាំងមួយ»។

សូមរំឭកថា លោក Ancelotti ជនជាតិអ៊ីតាលី បានចូលដឹកនាំ Everton បន្តពីលោក Marco Silva ចុងឆ្នាំមុន។ លោកធ្លាប់បានឈ្នះជើងឯកលីគនៅអ៊ីតាលី អាល្លឺម៉ង់ បារាំង និង អង់គ្លេស និងថែមទាំងបានឈ្នះ Champions League ៣ដងថែមទៀតផងក្នុងនាមអ្នកចាត់ការ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕