ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលវ័យ៣០ឆ្នាំ Junior Messias មានវេលាដ៏រីករាយបំផុតក្នុងអាជីពរបស់គេ នៅពេលគេប្ដូរចូល ហើយរកបានគ្រាប់ជ័យជម្នះសម្រាប់ AC Milan ទល់ Atletico Madrid ក្នុងការបង្ហាញខ្លួនលើកទី១ក្នុងពានរង្វាន់ UEFA Champions League យប់ថ្ងៃពុធទី២៤ខែវិច្ឆិកាឆ្នាំ២០២១។
ជ័យជម្នះនេះរក្សាក្ដីសង្ឃឹមសម្រាប់ AC Milan ក្នុងការប្រជែងកៅអី១៦ក្រុមចុងក្រោយ ដ្បិតពួកគេមាន៤ពិន្ទុស្មើក្រុមបាតតារាង Atletico និងនៅក្រោមក្រុមលេខ២ Porto ត្រឹម១ពិន្ទុប៉ុណ្ណោះ។
យប់មិញ Messias ចូលលេងជំនួស Rade Krunic ក្នុងនាទី៦៥ នៅខណៈ AC Milan ត្រូវការគ្រាប់ជាចាំបាច់ដើម្បីចៀសផុតពីការធ្លាក់ពី Champions League ត្រឹមនេះ។ នៅនាទី៨៧ ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះតែតបញ្ចូលទីផុតដៃកំពូលអ្នកចាំទី Jan Oblak យកគ្រាប់ជ័យជម្នះជូនក្រុមលោក Stefano Pioli យ៉ាងរំភើបក្នុងកីឡដ្ឋាន Wanda Metropolitano។
តើអ្នកដឹងទេ? នេះជាការផ្លាស់ប្ដូរដ៏មិនគួរឱ្យជឿក្នុងដំណើរជីវិតរបស់ Messias ដែលកាលពី៣ឆ្នាំមុនគេនៅលេងបាល់ទាត់ក្នុងកម្រិតស្ម័គ្រចិត្តនៅឡើយទេ។
Messias បានចាកចេញពីប្រទេសកំណើតប្រេស៊ីល មកអ៊ីតាលីក្នុងឆ្នាំ២០១១ជាមួយប្រពន្ធនិងកូនប្រុសរបស់គេ មកនៅជាមួយបងប្រុសក្នុងទីក្រុង Turin។ គេបានចាប់ផ្ដើមធ្វើការងារជាបុគ្គលិកផ្នែកដឹកជញ្ជូនដើម្បីជីវភាព និងនៅពេលទំនេរពីការងារ ឆ្លៀតលេងបាល់ទាត់ស្ម័គ្រចិត្តជាមួយក្រុមក្នុងសហគមន៍ជនជាតិប៉េរូដែលគេរស់នៅជាមួយផង។ ជាអតីតយុវជនហាត់នៅថ្នាលក្លិប Cruzeiro ម្នាក់ Messias ជាកីឡាករមានទេពកោសល្យ។
បន្ទាប់មក ក្នុងឆ្នាំ២០១៥ អតីតតារាក្លិប Torino លោក Ezio Rossi បាននាំ Messias ទៅចូលរួមក្រុម Casale ក្នុងក្របខណ្ឌ Eccellenza ដែលជាលីគទី៥អ៊ីតាលី។ ដំបូង Messias បានបដិសេធឱកាសនោះព្រោះខ្លាចប៉ះពាល់ដល់ការងារគោលរបស់គេជាបុគ្គលិកដឹកជញ្ជូន។ តែក្រោយមក គេបានយល់ព្រមចូលលេងក្នុងលីគទី៥អ៊ីតាលី និងបានឡើងកម្រិតជាបន្តបន្ទាប់ ដោយក្នុង២០១៦គេលេងឱ្យក្រុម Chieri ក្នុង Serie D ដែលជាលីគពាក់កណ្ដាលអាជីពរបស់អ៊ីតាលី។
ក្នុងឆ្នាំ២០១៨ទើប គឺពេលគេមានវ័យ២៧ឆ្នាំទើប Messias បានផ្ដើមលេងបាល់ក្នុងលីគអាជីព គឺក្របខណ្ឌ Serie C ដែលជាលីគទី៣អ៊ីតាលី បន្ទាប់ពីរួមចំណែកជួយក្រុម Gozzano ឡើងមកពី Serie D។ ក្នុងឆ្នាំ២១៩ គេបានផ្លាស់មកចូលរួមក្លិប Crotone ក្នុងក្របខណ្ឌ Serie B រួចហើយបានលេងក្នុងលីគកំពូលអ៊ីតាលីជាមួយក្លិបនេះក្នុងរដូវកាល២០២០-២១ ហើយគេបានចូលលេង៣៦លើកក្នុង Serie A និងរកបាន៩គ្រាប់។ បន្ទាប់ពី Crotone ធ្លាក់ទៅ Serie B វិញ AC Milan បានខ្ចីរូបគេពី Crotone ក្នុងឆ្នាំ២០២១នេះ លើកិច្ចសន្យា១ឆ្នាំ អមដោយជម្រើសទិញយកទៀតផង។
Messias បានចូលលេងឱ្យ AC Milan លើកដំបូងបង្អស់កាលថ្ងៃទី៤ខែតុលាឆ្នាំ២០២១ ដោយប្ដូរចូលក្នុងជ័យជម្នះ៣-២លើ Atalanta និងបានលេងម្ដងទៀតក្នុងក្របខណ្ឌ Serie A ថ្មីៗនេះ។
ហើយយប់មិញនេះ Messias បានចូលលេងក្នុងពានរង្វាន់លំដាប់កំពូលទ្វីបអឺរ៉ុបជាលើកដំបូងក្នុងជីវិត និងរកបានគ្រាប់ទី១សម្រាប់ AC Milan ក្នុងការបង្ហាញខ្លួនសរុបលើកទី៣សម្រាប់ក្រុមលោក Pioli។
Messias និយាយក្រោយការប្រកួតថាគេសប្បាយចិត្តណាស់ចំពោះគុណផលនិងជ័យជម្នះ ព្រោះវាបានរក្សាក្ដីសង្ឃឹមរបស់ AC Milan បន្តទៀតក្នុងការព្យាយាមឆ្លងទៅជុំបន្ទាប់ ហើយក្រុមនៅសល់រឿងជាច្រើនទៀតដែលត្រូវធ្វើ។
Messias សង្កត់ធ្ងន់ថា៖ «អ្វីដែលបានកើតឡើងថ្ងៃនេះជាវេលាដ៏សំខាន់បំផុតក្នុងអាជីពរបស់ខ្ញុំ។ ប៉ុន្តែការដាក់ខ្លួនគឺនៅតែសំខាន់។ ខ្ញុំមិនត្រូវបាក់ទឹកចិត្តដោយសារការរិះគន់ហើយក៏មិនត្រូវដំឡើងឫកដោយសារពាក្យសរសើរដែរ។ ខ្ញុំសូមជូនគ្រាប់បាល់នេះចំពោះគ្រួសាររបស់ខ្ញុំនិងគ្រប់គ្នាដែលបានជឿជាក់លើខ្ញុំ»៕