Skip to content
អតីតគ្រូថាយហ្គឺរបង្ហើបពីការយល់ព្រមទៅចូលរួមក្រុមមួយនៅលីគកំពូលថៃ
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

អតីតគ្រូថាយហ្គឺរបង្ហើបពីការយល់ព្រមទៅចូលរួមក្រុមមួយនៅលីគកំពូលថៃ

លោក Oriol Mohedano អតីតគ្រូបង្គោលអង្គរថាយហ្គឺរបង្ហើបថា កាលពីប៉ុន្មានខែមុន លោកបានយល់ព្រមចុះហត្ថលេខាទៅចូលរួមក្លិប Prachuab នៃលីគកំពូលថៃ ក្នុងនាមជាគ្រូជំនួយមួយរូប។ ជាអកុសល អ្វីៗបានប្រែប្រួលផ្ទុយពីការរំពឹងទុកទៅវិញបន្ទាប់ពីគ្រូបង្គោលក្លិប Prachuap គឺលោក Masami Taki ជនជាតិជប៉ុនត្រូវបានដកតំណែងនាពេលថ្មីៗនេះ ខណៈក្លិបកំពុងស្ថិតក្នុងតំបន់កាត់ចោល។

លោក Mohedano ប្រាប់ថា លោករីករាយក្នុងការចូលរួមជាមួយក្លិប Prachuap ប្រកួតប្រជែងក្នុងជើងទី២នៃក្របខណ្ឌកំពូលថៃ។ ផ្ទុយទៅវិញ អ្វីៗប្រែជាខកខានខុសពីការរំពឹងទុក។ តែយ៉ាងណា លោកអះអាងថា ជាធម្មតាទេសម្រាប់បាល់ទាត់ ព្រោះតែងតែជួបបញ្ហាបែបនេះ។

“និយាយទៅ កាលពីប៉ុន្មានខែមុន ខ្ញុំបានចុះកុងត្រាជាមួយក្លិប Prachuap នៅលីគកំពូលថៃដែលកំពុងប្រកួតប្រជែងក្នុងតំបន់កាត់ចោល ដើម្បីទៅចូលរួមក្រុមការងារគ្រូក្នុងនាមជាគ្រូជំនួយ ។ ខ្ញុំស៊ីញ៉េកុងត្រាហើយៗហ្នឹង។ អ្វីសំខាន់នោះ គឺខ្ញុំបញ្ចប់ការងារនៅអង្គរថាយហ្គឺរ ជាមុនសិន មុនទៅថៃបន្តការងារទៀត ក្នុងជើងទី២ ប្រកួតប្រជែងក្នុងតំបន់កាត់ចោល។ តែជាអកុសលក្នុងបាល់ទាត់ វាមិនបានទៅតាមគម្រោង។ គ្រូបង្គោលជនជាតិជប៉ុននៅទីនោះ គឺលោក Masami Taki ត្រូវបានដកតំណែងកាលពី២សប្ដាហ៍មុន ដោយសារតែលទ្ធផលមិនល្អដែលក្រុមទទួលបាន។ អ៊ីចឹងទៅ ដោយទាំងក្រុមការងារដែលគ្រោងចូលរួមជាមួយគាត់ទៀត គឺមិនអាចទៅចូលរួមបានទេ។ និយាយរួមទៅ ខ្ញុំចង់ទៅទីនោះ ខ្ញុំចង់ចូលរួមជាមួយ Prachuap។”

លោក Oriol Mohedano គិតថា វាជាឱកាសល្អក្នុងការឈានជើងទៅលីគប្រទេសថៃដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ ប៉ុន្តែផ្ទុយទៅវិញ វាពិតជារឿងខកចិត្ត។

គួររំឭកថា លោក Oriol Mohedano បានចូលកាន់ការងារជាគ្រូបង្គោលអង្គរថាយហ្គឺរ កាលឆ្នាំ២០១៧ និងនាំក្រុមនេះទទួល បាន លេខ៣ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៨។

បើតាមប្រភពស្និទ្ធ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបានឈានដល់រដូវកាលចុងក្រោយនៃកិច្ចសន្យារបស់លោក ទៅហើយ និងមិនបាន បន្ត សុពលភាពទៀតទេ។

មុនមកកាន់តំណែងនៅអង្គរថាយហ្គឺរ បុរសមានកំណើតនៅក្រុង Barcelona ធ្លាប់ធ្វើជាគ្រូបង្គោលមួយរយៈនៅភ្នំពេញក្រោន កាលជើងទី១ រដូវកាល២០១៦។

រដូវកាល២០២១នេះ ថាយហ្គឺរទទួល បានចំណាត់ថ្នាក់លេខ៦ក្នុងក្របខណ្ឌកំពូល និងធ្លាក់វគ្គ៨ក្រុមចុងក្រោយពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ។ ទាក់ទងទៅនឹងការរួមរស់នៅអង្គរថាយហ្គឺររយៈពេល៤ឆ្នាំ គ្រូបង្វឹកជនជាតិអេស្ប៉ាញពិតជាសប្បាយចិត្តក្នុងការរួមការងារជាមួយគ្នា ហើយលោកជូនពរក្រុមចាស់មួយនេះទទួល បានជោគជ័យនារដូវកាលថ្មីខាងមុខ។

ដោយឡែក នាពេលនេះ នឹងយកពេលលំហែ មុនចាប់ផ្ដើមការងារជាថ្មី ហើយលោកនៅតែរក្សាមហិច្ឆតានិងការប្រឹងប្រែង ក្នុងការងារបាល់ទាត់នៅកម្ពុជា។