លោក ស៊ុន សមប្រាថ្នា គ្រូបង្វឹកក្រុម 9NG ជាអតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថ្លែងក្រោយបញ្ចប់ការប្រកួតបាល់ទាត់រៃអង្គាសស្វែងរកថវិកាក្នុងពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា (រដូវកាលទី៣) ដោយលោកនិងសមាជិកក្រុមពិតជារំភើបរីករាយក្នុងនាមជាក្រុមដំបូងគេក្នុងយុទ្ធនាការមួយនេះ។ បុរសវ័យ៤៥ឆ្នាំរូបនេះបន្តថាលោកពិតជាលើកទឹកចិត្ត និងអំពាវវនាវទៅដល់បណ្តាលក្រុមបាល់ទាត់ក្រៅផ្លូវការនានានាំគ្នាចូលរួមក្នុងសកម្មភាពនេះបន្ថែមទៀត ដើម្បីជួយរកថវិការជួយទៅដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺ។
អតីតខ្សែការពារអំឡុងឆ្នាំ ២០០០ដល់ឆ្នាំ ២០០៩ ដដែលបន្ថែមទៀតថាការដែលក្រុមលោកតែងតែចូលរួមយ៉ាងសស្រាក់សស្រាំក្នុងពានរង្វាន់មួយនេះក៏ព្រោះចង់រួមចំណែកសម្រួលថ្លៃចំណាយនានារបស់មន្ទីរពេទ្យ ពិសេសទៀតនោះគឺការដឹងគុណទៅដល់មន្ទីរពេទ្យដែលតែងតែជួយព្យាបាលកូនៗរបស់សមាជិកក្រុមលោកកន្លងមក។
សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា (រដូវកាលទី៣) បានចាប់ផ្តើមការប្រកួតដំបូងដោយក្រុមបាល់ទាត់ Vlogger All Stars ប្រកួតតទល់នឹងក្រុម 9NG Soccer Teams។ ដោយការប្រកួតនេះគឺជាប្រមូលបានថវិកា1000$ ដំបូងគេចូលរួមកម្មវិធី សប្បុរសធម៌ដើម្បីកុមារកម្ពុជា រដូវកាលទី៣ បន្ទាប់ទៀតក្រុម Vlogger All Stars នឹងធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់៕