សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ដណ្ដើមពានរង្វាន់ “គរុគុណ” ពីចន្លោះថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា នៅទីលានសហព័ន្ធក្នុងបរិវេណពហុកីឡដ្ឋានជាតិ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបញ្ជាក់ថា ការប្រកួតដណ្ដើមពានរង្វាន់ “គរុគុណ” លើកទីមួយ ឆ្នាំ២០២០នេះ ធ្វើឡើងដើម្បីរំឭកគុណដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានកិត្តិយសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន ជាអតីតប្រធានសហព័ន្ធ ព្រមទាំងអតីតថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលបានលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃខិតខំប្រឹងប្រែងដឹកនាំកីឡា ប៊ូល និងប៉េតង់កម្ពុជា រហូតទទួលបានភាពល្បីល្បាញ និងការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក។
ឯកឧត្តម ស សុខា សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ថ្មីនេះនឹងក្លាយជាវេទិកាសម្រាប់កីឡាករ កីឡាការិនីអាចប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែង ដើម្បីបង្ហាញអំពីសក្តានុពល និងទេពកោសល្យ ដែលទទួលបានឱកាសចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិយុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់។
ចំណែកឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បញ្ជាក់ថា ការប្រកួតនេះមាន៨វិញ្ញាសាប្រកួតចំនួន៨ ដូចជាវិញ្ញាសា បុរស-នារី ៣ទល់៣, យុវជន ៣ទល់៣ ក្រោម១៨ឆ្នាំ, យុវនារី ២ទល់២ ក្រោម១៨ឆ្នាំ, វ័យចាស់ ៣ទល់៣, យុវជន-យុវនារី ១ទល់១ ក្រោម១៥ឆ្នាំ និងវិញ្ញាសាសមាគម។
ការដាក់ពាក្យចូលរួមប្រកួតសរុប ១៦ រាជធានី-ខេត្ត សមាគម-ក្លិបចំនួន ៥៥ សរុប ៤៧៨នាក់ ប្រតិភូដឹកចំនួន ៤១នាក់ គ្រូបង្វឹក ៥១នាក់ កីឡាករ កីឡាការិនី ៣៨៦នាក់ (កីឡាការិនី ១០០នាក់) ការឆាប់ពូលប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០៕