Lyon និង Paris FC បានទម្លាក់ចេញពីពានរង្វាន់ Coupe de France ត្រឹមវគ្គ៦៤ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតរវាងក្រុមទាំងពីរនេះត្រូវបានផ្អាក ដោយសារបញ្ហាហិង្សាដែលបង្កដោយអ្នកគាំទ្រនៅកីឡដ្ឋាន។
ការប្រកួតនៅក្នុងទឹកដីរបស់ក្រុមមកពីលីគ២បារាំង Paris FC កាលពីថ្ងៃទី១៧ ខែធ្នូ ត្រូវបានបញ្ឈប់ដោយសាររឿងហេតុកើតឡើង នៅកន្លែងអង្គុយទស្សនាការប្រកួត, អ្នកគាំទ្ររត់ចូលទីលាន និងគប់កាំជ្រួចចូលទីលានជាដើម។
ការប្រកួតត្រូវបានបោះបង់ចោលក្រោយចប់វគ្គទី១ ក្នុងលទ្ធផល ១-១។ សហព័ន្ធកីឡាបាល់ទាត់បារាំង បានដាក់ពិន័យ Paris FC ១០,០០០អឺរ៉ូ ហើយពិន័យ Lyn ៥,២០០០អឺរ៉ូ ព្រមទាំងបានទម្លាក់ក្រុមទាំងពីរចេញពីការប្រកួតក្នុងរដូវកាលនេះ មានន័យថា Nice ដែលចាប់ឆ្នោតប៉ះក្រុមដែលឈ្នះរវាងក្រុមទាំងពីរ នឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។
ដំបូងឡើយ អ្នកឈ្នះរវាង Lyon និង Paris នឹងឡើងទៅវគ្គ៣២ក្រុម ជួបប្រកួតទល់នឹង Nice ប៉ុន្ដែនៅពេលដែលក្រុមទាំងពីរនេះ ជ្រុះចេញពីការប្រកួត ធ្វើឱ្យ Nice អាចឆ្លងទៅវគ្គ១៦ក្រុមដោយមិនចាំបាច់ប្រកួត។
នេះមិនមែនជាលើកទី១ទេដែល Lyon ជួបបញ្ហាដោយសារអ្នកគាំទ្រ ដោយកន្លងមកពួកគេត្រូវបានកាត់មួយពិន្ទុ ដោយសារបញ្ហាអ្នកគាំទ្រក្នុងកីឡដ្ឋានរបស់ពួកគេ ក្នុងជំនួប Ligue 1 ទល់នឹង Marseille ក្នុងរដូវកាលនេះ៕
ប្រភព៖ BBC